(បន្ទាយមានជ័យ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តផ្សព្វផ្សាយអប់រំបញ្ហាសុខភាពសិក្សា និងគ្រឿងញៀន ដល់និស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទីប្រឹក្សា គណៈគ្រប់គ្រងសាកលវិទ្យាល័យ និងតំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នាសាកលវិទ្យាល័យជាតិមានជ័យ។

ថ្លែងក្នុងនាមលោក សុខ ឃន ប្រធានគណៈគ្រប់គ្រង, លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងគ្រឹះស្ថានសិក្សាពិតជាមានអត្ថប្រយោជន៍ ដ៏ល្អជាពិសេសចំពោះនិស្សិត និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ក្នុងការលើកកម្ពស់សមត្ថភាពចំណេះដឹងគោលនយោបាយសុខភាព និងជួបទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនក្នុងគ្រួសារ និងសហគមន៍។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា មានសន្តិភាពទើបមានជីវិត មានជីវិតទើបមានពេលនិយាយពីសុខភាព និងគ្រឿងញៀន។

រយៈពេល៦ខែ ឆ្នាំ២០២២ ក្នុងចំណោមអ្នកញៀនគ្រឿងញៀន ៤,២៦៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌលនានា គឺមានជីវភាពជាមន្រ្តីរាជការ ១.៥២% និងសិស្សនិស្សិតមាន ២.៣ភាគរយ។

លោកស្រីបនណ្ឌិត សឿ សុជាតា បានថ្លែងថា ក្នុងដំណាក់កាលដ៏សែនលំបាកនៃការរាតត្បាតជំងឺកូវីដ១៩ ការឱ្យតម្លៃសុខភាព សុខភាព សិក្សា និងដោយមានការចូលរួមខិតខំប្រឹងប្រែងពីគ្រប់សមាសភាពក្នុងវិស័យអប់រំ យើងពង្រឹងបាននូវប្រសិទ្ធភាពគុណភាពទាំងការអប់រំសិក្សាធិការ សុខភាព ជីវិត និងគាំពារប្រជាពលរដ្ឋរស់នៅសុខសាន្តរួចចាកផុតពីបញ្ហាគ្រឿងញៀន សុខភាពមានជីវិត មានជីវិតមានការអភិវឌ្ឍ៕