(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញពីការស្ញប់ស្ញែងចំពោះ មន្ត្រីនៃអង្គភា ពស៊ីម៉ាក់ទាំងអស់ និងដឹងគុណចំពោះវីរជនស៊ីម៉ាក់ នៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតដោយសារការដោះមីន រំដោះទឹកដីជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងការប្រារព្វខួបលើកទី៣០ ថ្ងៃបង្កើតមជ្ឈមណ្ឌលកំចាត់មីន (ស៊ីម៉ាក់) កម្ពុជា និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រី ស៊ីម៉ាក់ចំនួន២៥០នាក់ចូលនិវត្តន៍ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ នៅខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍័ឯក ហ៊ុន ម៉ាណែត បានបង្ហាញពីការសូមគាំទ្រ ចំពោះផែនការរបស់អង្គភាពស៊ីម៉ាក់ ដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញផែនការនៅចុងឆ្នាំ២០២៥កម្ពុជា និងអស់គ្រាប់មីន ដូចនេះស្នើសុំមន្ត្រីស៊ីម៉ាក់ទាំងអស់ ត្រូវខិតខំបំពេញបេសកកម្មបោសសម្អាតមីនជាបន្តទៀតដើម្បីសម្រេចបានផែនការឲ្យទទួលបានជោគជ័យ។

យោងតាមរបាយការណ៍របស់ លោក ហេង រតនា ប្រតិភូរាជរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់កម្ពុជា បានថ្លែងថា អង្គភាពស៊ីម៉ាក់កម្ពុជា បានកើតឡើង៣០ឆ្នាំហើយ គឺចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩២ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ លោកបានបន្តថា សម្ដេចតេជោ ហ៊ុន សែន គឺជាមគ្គុទ្ទេសក៍ឯក នៃនយោបាយឈ្នះឈ្នះដែលជាគោលនយោបាយបង្រួបបង្រួមជាតិខ្មែរតែមួយនៅចុងឆ្នាំ១៩៩៨ និងប្រជាជាតិខ្មែរមានសុខសន្តិភាពពេញលេញបរិបូណ៌ដល់សព្វថ្ងៃនេះ់។

ថ្វីដ្បិតសង្គ្រាមរ៉ាំរ៉ៃត្រូវបានបញ្ចប់នៅចុងឆ្នាំ២៩៩៨ក៏ពិតមែន ប៉ុន្តែមរតកសង្គ្រាម បានបន្សល់ទុកនូវសំណល់យុទ្ធភណ្ឌសង្គ្រាមជាច្រើន ដូចជាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាមតករលាក់មុខ នៅរាយប៉ាយរាប់លានគ្រាប់នៅពាសពេញផ្ទៃប្រទេសកម្ពុជា។ តាមការស្រាវជ្រាវព័ត៌មានកម្រិត១ នៅក្នុងក្របខណ្ឌទូទាំងប្រទេសឆ្នាំ១៩៩៩ ឆ្នាំ២០០០ បានឲ្យដឹងថា ប្រទេសកម្ពុជាបានរងផលប៉ះពាល់ផ្ទៃដីចំនួន៤,៥៤៤គីឡូម៉ែត្រក្រឡា ដោយសារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែកមកលើកម្ពុជា ក្នុងសង្រ្គាមឥណ្ឌូចិន ប្រមាណគ្រាប់ជាង៤លានតោន។

ដោយឡែក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ និងដោយមានការចូលរួមពីដៃគូអភិវឌ្ឍទាំងអស់ ព្រមទាំងប្រតិភូបោសសម្អាតមីន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិ ផ្ទុះពីសង្រ្គាម បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយនៅដើមឆ្នាំ២០២២នេះ គិតពីខែមករា ដល់ខែមិថុនា អត្រាគ្រោះថ្នាក់ដោយសារមីនមានចំនួន៤០នាក់ប៉ុណ្ណោះ។

ចំពោះលទ្ធផល នៃកិច្ចប្រតិបត្តិការក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ អង្គភាពស៊ីម៉ាក់បានសម្រេចរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់បានចំនួនជាង ១,៣៤២គីឡូម៉ែត្រក្រឡា ដោយបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៩៣១,៤៦៣គ្រាប់ ដោយមានការទទួល ស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។

ចំពោះផែនការឆ្ពោះទៅមុខអង្គភាពស៊ីម៉ាក់ បានដាក់ចេញផែនការយុទ្ធសាស្ត្រ៤ឆ្នាំ ដើម្បីរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់ មីនប្រឆាំងមនុស្ស ដែលបានដឹង និងបានកំណត់ត្រាក្នុងទិន្នន័យជាតិប្រមាណជាង ៧០០គីឡូម៉ែត្រ លើចំនួននៅសល់ប្រមាណ ៧៨៨គីឡូម៉ែត្រ។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់បានជំរុញការរំដោះខេត្តគ្មានគ្រាប់មីនចំនួន៧ រួមមាន រាជធានីភ្នំពេញ ខេត្តកែប ខេត្តកណ្ដាល ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ និងខេត្តកំពង់ចាម។

គិតមកដល់ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាពស៊ីម៉ាក់ សម្រេចរំដោះបានរាជធានីភ្នំពេញ ខេត្តកែប និងខេត្តព្រះសីហនុ ជាខេត្តអស់ការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស។ ផែនការនេះនឹងរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ប្រតិបត្តិករំដោះមីនអន្តរជាតិ ក្នុងការចូលរួមសម្រេចមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រ សំដៅឆ្ពោះទៅរកកម្ពុជាគ្មានគ្រាប់មីនប្រឆាំងមនុស្ស នៅត្រឹមចុង ឆ្នាំ២០២៥៕