(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តប្រកាសប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការការពារអធិបតេយ្យរបស់កម្ពុជា ដោយបានសង្កត់ធ្ងន់ថា មិនយកអធិបតេយ្យរបស់ជាតិទៅដោះដូរជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ។

ការគូសរំលេចជាថ្មីនូវជំហរដាច់ណាត់ក្នុងការការពារអធិបតេយ្យជាតិនេះ បានធ្វើឡើងក្នុងពេលសម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះអនុប្រធានគណៈកម្មការអឺរ៉ុប បានរំលឹកពាក់ព័ន្ធការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ដោយបានរំលេចនូវមូលហេតុមួយចំនួនដែលនាំឱ្យអឺរ៉ុប ដកការអនុគ្រោះពន្ធនេះ។

បើតាមលោក អ៊ាង សុផល្លែត ឆ្លើយតបទៅនឹងអ្វីដែលអនុប្រធានគណៈកម្មការអឺរ៉ុបលើកឡើងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីមិនមានការឆ្លើយតបអ្វីច្រើននោះទេ ដោយសម្តេចគ្រាន់តែបញ្ជាក់ខ្លីថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិទៅដោះដូរនឹងជំនួយ ឬការអនុគ្រោះណាមួយពីបរទេសនោះឡើយ។

កាលពីឆ្នាំ២០២០កន្លងទៅនេះ សហភាពអឺរ៉ុបបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាប្រមាណ ២០ភាគរយ។ ការដកប្រពន្ធអនុគ្រោះពន្ធនេះ មានន័យថាទំនិញរបស់កម្ពុជា ប្រមាណ ៤០មុខ តម្រូវឱ្យបង់ពន្ធក្នុងការនាំចូលទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប។ ទំនិញទាំងនោះ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន និងអនុគណៈកម្មការអឺរ៉ុប នៅតែបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប។ ក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១១ ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ មក ដែលបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំង តាមរយៈយន្តការកូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។

ក្នុងនាមជាប្រធានអាស៊ានប្តូរវេន សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការរៀបចំប្រជុំកំពូលរំឭកខួប៤៥ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ សម្ដេចតេជោជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ និងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដែលកម្ពុជា គាំទ្រគោលការណ៍ចំពោះឯកសារទស្សនៈទានរបស់សហភាពអឺរ៉ុប ស្តីពីសេចក្ដីថ្លែងការណ៍រួមរបស់ដឹកនាំអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប។

ក្រៅតែលើកពីបញ្ហាខាងលើក្នុងជំនួបនេះ លោក ចូសិប បូររែល ហ្វុនតេលលេស បានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរកម្សាន្តនៅខេត្តសៀមរាប និងបានដើរ ១៦ម៉ោង ទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា ដែលរំលេចនូវភាពកំពូលមិនត្រឹមតែផ្នែកសិល្បៈទេ ប៉ុន្តែថែមទាំងផ្នែកស្ថាប័ត្យកម្មផង។ លោកបានបន្ថែមថា ប្រាង្គប្រាសាទនៅកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មហាសាលរបស់មនុស្សជាតិ ។

សម្តេចតេជោ ក៏បានឆ្លៀតថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យកាលពីខែវិច្ឆិកាឆ្នាំ២០២១ ហើយក៏បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់កម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានឆ្នាំ២០២២ ស្តីពីមីយ៉ាន់ម៉ា។

ក្នុងជំនួបនេះ លោក ចូសិប បូររែល ក៏បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា៕