(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសារស្វាគមន៍រដ្ឋមន្ត្រីការបរទេសចំនួន៧រូបទៀត ដែលមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «កម្ពុជាសូមស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានានៅព្រះរាជាណាចក្រកម្ពុជា»។

បើតាមសម្ដេចតេជោ, រដ្ឋមន្រ្តីការបរទេសចំនួន ៧រូបនោះរួមមាន៖ ១៖លោក Nanaia Mahuta រដ្ឋមន្ត្រីការបរទេសនៃប្រទេសនូវែលហ្សេឡង់, ២៖ H.E Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា, ៣៖ លោកស្រី Amanda Anne Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈឹមបូព៌ានៃចក្រភពអង់គ្លេស, ៤៖ លោក Ali Sabry រដ្ឋមន្រ្តីការបរទេសស្រីលង្កា, ៥៖ លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន, ៦៖ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី និង ៧៖ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ។

សម្ដេចក៏បានបញ្ជាក់បន្ថែមថា នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀត នឹងមកដល់កម្ពុជា នៅថ្ងៃស្អែកជាបន្តបន្ទាប់។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ និងម្ចាស់ផ្ទះ សម្ដេចតេជោ បានជូនពររដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូទាំងអស់ បានសប្បាយរីករាយក្នុងការស្នាក់នៅ និងទទួលបានលទ្ធផលល្អនៅក្នុងកិច្ចប្រជុំ 55th AMM នៅកម្ពុជា៕