(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅរសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ធ្វើឡើងនៅវិមានសន្តិភាព ត្រូវបានគេរំពឹងថា នឹងជជែកលើការងារមួយចំនួនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។ សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីបារម្ភរួមនៃប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា លោក វ៉ាង យី បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។ ដំណើរមកកាន់ប្រទេសកម្ពុជានាពេលនេះ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ាន។ វត្តមានរបស់លោក វ៉ាង យី បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំលើកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន។

វត្តមាននៅក្នុងប្រទេសកម្ពុជានាពេលនេះ លោក វ៉ាង យី ក៏អញ្ជើញបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ជួបពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេណរបស់កម្ពុជា។

លោក វ៉ាង យី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ៕