(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូម៉ាឡេស៊ី ដែលដឹកនាំដោយ លោក Dato' Abdul Fattah Abdullah ប្រធានសហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) និងជាប្រធានសហករណ៍អាស៊ាន (ACO) នៅទីស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិកម្ពុជា។

ជំនួបនេះធ្វេីឡេីដើម្បីពិភាក្សាការងារ និងសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារពាណិជ្ជកម្ម វិនិយោគ ទីផ្សារការងារ និងការងារសហគមន៍ឥស្លាមកម្ពុជា។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់សហករណ៍ជាតិម៉ាឡេស៊ី (ANGKASA) ដែលមានបំណងមកធ្វើការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានោះ លោកបានជម្រាបពីសក្តានុពលជាច្រើនដែលកម្ពុជា មានទាំងវត្ថុធាតុដើម កម្លាំងពលកម្ម ហើយជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់បរទេសនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលទាំងនេះជាឱកាសដ៏ប្រសើរ ដើម្បីធ្វើការវិនិយោគ ហើយទទួលបានផលចំណេញច្រើន។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីសុខដុមរមនានៃកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានអំពាវនាវដល់ ANGKASA សូមឲ្យមកវិនិយោគនៅកម្ពុជាឲ្យបានមានច្រើន ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួមលើកស្ទួយ និងអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជាផងដែរ។

ជាកិច្ចឆ្លើយតប លោក Dato' Abdul Fattah Abdullah បានសំដែងអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតនេះ ដោយលោកបានសន្យាថា នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មជាមួយកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ ANGKASA ក៏បានពាំនាំនូវគម្រោងជំនួយមនុស្សធម៌សម្រាប់សហគមន៍ឥស្លាមផងដែរ ក្នុងនោះមាន អំពូលភ្លើងសូឡា ចំនួនជាង ៣,០០០អំពូល សម្រាប់ដាក់ឲ្យប្រើប្រាស់តាមវិហារឥស្លាមចំនួន ជាង៦០០វិហារ ទូទាំងប្រទេសកម្ពុជា។

សូមជម្រាបថា ANGKASA ជាសហករណ៍ជាតិម៉ាឡេស៊ីដ៏ធំមួយ បង្កើតឡើងឆ្នាំ១៩៧១ មានដៃគូសហការណ៍ចំនួន១៣,៤២៨ និងសមាជិក ៧,០៦៦,២២២លាននាក់ នឹងដើមទុន ១៣០,៧៤០.៦៨ លានរីងហ្គិតម៉ាឡេស៊ី ដែលបានចូលរួមគ្នាមកពីគ្រប់មជ្ឈដ្ឋានការងាររកស៊ីនៅម៉ាឡេស៊ី៕