(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។

សូមជម្រាបថា នៅព្រឹកមិញនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំងផងដែរ។

លោក វ៉ាង យី បានអញ្ជើញមកដល់កម្ពុជា នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកគឺជារដ្ឋមន្ត្រីការបរទេសមួយរូប ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសដទៃទៀត ដែលមកកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕