(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៩គ្រួសារ នៅឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក បានលើកឡើងថា នៅរសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០២២ មានភ្លៀងផ្គរ លាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ភូមិចំនួន៣ ក្នុងភូមិសាស្ត្រឃុំព្រៃជ្រូក បានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋ បាក់រលំ និងរបើកដំបូលធ្ងន់ធ្ងរចំនួន០៩គ្រួសារ។ ក្នុងនោះ ភូមិផ្លាំង រលំផ្ទះ១ខ្នង របើកដំបូល៣ខ្នង ភូមិដូនតុក របើកដំបូល ២ខ្នង និងភូមិកិត្តិយស រលំ១ខ្នង របើកដំបូល២ខ្នង និងមិនបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ។

លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកបានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់ប្រជាពលរដ្ធពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាជនរងគ្រោះ ពេលរៀបចំសាងសង់លំនៅដ្ឋាន សូមគិតដល់គុណភាព ឬធ្វើគ្រឹះឲ្យបានរឹងមាំ ចៀសវាងយកតែទំហំធំ តែមិនគុណភាពដែលអាចបណ្ដាលឲ្យមានបញ្ហាទៅថ្ងៃមុខទៀត។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងកន្ទេល១។ ចំពោះគ្រួសាររលំផ្ទះទទួលបានស័ង្កសី១៦សន្លឹក ថវិកា២សែនរៀល គ្រួសារ របើកដំបូលផ្ទះ ស័ង្កសី១០សន្លឹក និងថវិកា១សែនរៀលផងដែរ៕