(ភ្នំពេញ)៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជាក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុននេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ាន និងមានជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ជប៉ុន។

មុនដំណើរអញ្ជើញមកដល់កម្ពុជា លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានផ្ញើសារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។ ក្នុងសារជូនពលរដ្ឋកម្ពុជានេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅក្នុងទូទាំងប្រទេសកម្ពុជា និងបានផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ លោក បានគូសបញ្ជាក់ថា កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តរូបលោក ហើយធ្វើឱ្យលោករំភើបដោយដឹងថា មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានគូសរំលេចទៀតថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

លោករដ្ឋមន្ត្រីការបរទេសបានបន្ថែមថា ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួមឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ដែលជាសមភាគី ជាពិសេសអំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូលរបស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ លោកក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ លោកសូមសម្តែងនូវការគោរពចំពោះលោក ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំងនេះក្នុងនាមជាប្រធានអាស៊ាន។ សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅអ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និងផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។

ក្នុងសារនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានឆ្លៀតគូសរំលេចដែរថា លោកជាអ្នកគាំទ្រម្ហូបខ្មែរ ហើយលោកបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ លោកទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។

លោករដ្ឋមន្ត្រីការបរទេសជប៉ុន ជូនពរឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីកចម្រើន៕