(ភ្នំពេញ)៖ លោក ប៊ិន ត្រឈៃ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងសមាជិក សមាជិកាទាំងអស់ ប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។

ក្នុងញត្តិគាំទ្រនេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហាញយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោតស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទីស្តីការគណៈរដ្ឋមន្ត្រី បានគូសរំលេចទៀតថា ការធ្វើវិសោធនកម្មនេះគឺដើម្បីធានានូវនិរន្តរភាពចំពោះដំណើរការប្រព្រឹត្តទៅជាប្រក្រតី និងដោយរលូនរបស់ស្ថាប័នជាតិ សំដៅធានាការពារ និងថែរក្សាសន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈនិងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

លោក ប៊ិន ត្រឈៃ ព្រមទាំងសមាជិក សមាជិកាទាំងអស់ អំពាវនាវដល់គ្រប់ស្ថាប័នជាតិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានារក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែងជានិច្ចនិរន្តរ៍តទៅ៕