(សៀមរាប)៖ ខណៈដែលប្រជាជនទូទាំងប្រទេសបង្ហាញឆន្ទៈគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០យ៉ាងផុសផុលនោះ អាជ្ញាធរជាតិអប្សរាក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នោះដែរ។

អាជ្ញាធរជាតិអប្សរាបានប្រកាសគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ថ្មី មាត្រា១២០ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលរដ្ឋសភាបានអនុម័តកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានធ្វើឡើងយ៉ាងត្រឹមត្រូវតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីធានាឲ្យបាននូវនិរន្តរភាពជាតិ ក៏ដូចជាធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល។

ការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនាពេលនេះ គឺធ្វើឡើងសំដៅលើការអនុវត្តនូវរបបប្រជាធិបតេយ្យ
សេរីពហុបក្ស ធានាដល់ស្ថាប័នកំពូលរបស់ជាតិ ជាពិសេសធានាឲ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាឲ្យប្រទេសជាតិមានស្ថិរភាពនយោបាយ ការពារ ថែរក្សានូវសុខសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ មានការអភិវឌ្ឍឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យដែលជាតម្រូវការរបស់ជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគ្រប់រូប។

អាជ្ញាធរជាតិអប្សរាបានគាំទ្រយ៉ាងឱឡារិកចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ និងប្តេជ្ញាយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តតាមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបម្រើឲ្យបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ៕

ខាងក្រោមនេះជាញត្តិគាំទ្រទាំងស្រុងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់អាជ្ញាធរជាតិអប្សរា៖