(ត្បូងឃ្មុំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការ បង្ក្រាបជនសង្ស័យប្រើប្រាស់ និងជូញដូរគ្រឿងញៀន២នាក់ និងរឹបអូសបានថ្នាំញៀន៤៣កញ្ចប់ ខណៈជនសង្ស័យ​ម្នាក់ទៀត​កំពុងរត់គេចខ្លួន។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំផ្ទាល់ពី លោក​វរសេនីយ៍ត្រី ឈុន សំអូន ប្រធានស្នាក់ការសន្ដិសុខ៧០១ សហការជាមួយកម្លាំង របស់មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រាប់ភា្នក់ងារ Fresh News ថា ជនសង្ស័យដែល២នាក់បងប្អូននេះ ទី១ឈ្មោះ អ៊ឺម ស្រឿន ភេទស្រី អាយុ២៦ឆ្នាំ និងទី២ឈ្មោះ អ៊ឺម សារឿន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក និងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស៤២កញ្ចប់តូច ម្សៅក្រាមពណ៌ក្រហម១កញ្ចប់តូច (ទម្ងន់សរុប ៧.៤៨ក្រាម) ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។

លោកបានបន្ដថា បន្ទាប់ពីខ្លួនជនសង្ស័យ២នាក់ ខាងលើរួចមក កម្លាំងរបស់លោក​បាន​បន្ដឆែកឆេរលំនៅដ្ឋាន បក្ខពួករបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ ស៊ាន ហុង ហៅ តើក ហៅ ម៉ី ភេទប្រុស អាយុ២១ឆ្នាំ ប៉ុន្ដែជនសង្ស័យបានរត់គេចខ្លួនបាត់។ បច្ចប្បន្នជនសង្ស័យទាំង២ ត្រូវបាន​ឃុំខ្លូន​បណ្ណោះអាសន្ននៅទីបញ្ជាការអាវុធខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕