(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់ខេត្តព្រៃវែង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្រ្តាក់ ដែលលាយឡំជាមួយផ្គរ រន្ទះ បាន និងកំពុងកើតឡើងនៅពេលនេះ។

តំណាងរាស្រ្តវ័យក្មេងមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហោះសារតាមបណ្តាញសង្គម Facebook របស់លោក ដោយចូលរួមរំលែកទុក្ខ និងការសោកស្តាយយ៉ាងពន់ពេក ដល់ប្រជាពលរដ្ឋទាំងឡាយណា ដែលជួបគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នៅក្នុងខេត្តព្រៃវែង។ គ្រោះធម្មជាតិខ្យល់កន្ដ្រាក់ ខាងលើនេះ បានបណ្ដាលឲ្យប្រជាពលរដ្ឋ រងការខូចខាតផ្ទះសម្បែង ស្ថិតក្នុងឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងសារនោះលោក ស សុខា បាននិយាយថា «ខ្ញុំសូមចូលរួមការលំបាករបស់បងប្អូន រងគ្រោះដោយក្ដីអាណិតអាសូរពីចម្ងាយ»

លោកបានបន្ថែមថា តែទោះបីជាយ៉ាងណា តាមសេចក្ដីរាយការណ៍ពីក្រុមការងារ អាជ្ញាធរស្រុកស្វាយអន្ទរ កាកបាទក្រហម និងក្រុមយុវជន សសយក បានចុះជួយថែមទាំងផ្ដល់ជំនួយ និងជួយរុះរើសាងសង់ឡើងវិញ។ លោកក៏បាន ថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុក កាកបាទក្រហម និងក្រុមយុវជន សសយក ដែលបានអន្តរាគមន៍ ជួយប្រជាជនរងគ្រោះទាន់ពេលវេលា។

នេះបង្ហាញឱ្យឃើញច្បាស់អំពីការដឹងសុខ ដឹងទុក្ខលំបាករបស់ប្រជាជន ដោយមិនបានប្រកាន់និន្នាការនយោបាយ។ ជាងនេះទៅទៀត លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តា បង្កើនការយកចិត្តទុកដាក់ចំពោះខ្យល់កន្ត្រាក់ ផ្គររន្ទះជាបន្តកុំបីធ្វេសប្រហែលឡើយ និងសូមបងប្អូនចាប់ផ្ដើមបង្កបង្កើនផលស្រូវកុំបង្អង់យូរ ក្រៅពីនេះសូមត្រង់ទឹកទុកប្រើប្រាស់ ទប់ទឹកសម្រាប់ស្រោចដំណាំស្រូវស្រែ និងសម្រាប់គោក្របីផងដែរ៕