(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន ៣៣៥គ្រួសារ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានយល់ព្រមចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ ដែលបានព្រមព្រៀង និងបានបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ តាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ ដែលបានដឹកនាំដោះស្រាយដោយលោក ប៉ាន់ខែម ប៊ុនថន នាយករង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២នេះ។

ពិធីនេះក៏មានការចូលរួមពីលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោក នួន ណារ៉ា ប្រធានសាលាដំបូងខេត្ត, លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត, លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ, លោក យ៉ាង គឹមហ៊ុយ ក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងមានក្រុមការងារទីចាត់ការអន្តរវិស័យខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងកងកម្លាំងអាជ្ញាធរមូលដ្ឋានឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ក្រុមការងារយុវជនស្រលាញ់សន្តភាព និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លើកឡើងនាឱកាសនោះ អ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានចុះសហការយ៉ាងល្អ ជាមួយក្រុមការងារខេត្ត ដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃ ប្រកបដោយជោគជ័យ និងបានអបអរសាទរចំពោះការបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ ជាស្ថាពរតាមបែប ឈ្នះឈ្នះ ក្រៅប្រព័ន្ធតុលាការ និងឈានដល់ការចាប់ឆ្នោតទទួលយកក្បាលដីឡូត៍ស្របច្បាប់នេះ។

លោក ប៉ាន់ខែម ប៊ុនថន ក៏បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ទាំងអស់គ្នា និងបានអំពាវនាវឱ្យពលរដ្ឋដែលទទួលបានដីស្របច្បាប់ ក្រោយការដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះ ត្រូវចេះ ស្រលាញ់ រាប់អានគ្នា ដូចក្រុមគ្រួសារ ក្រោមដំបូលសន្តិភាពតែមួយ និងបន្តស្នាមញញឹមជាមួយគ្នាជារៀងរហូត បើមានតម្រូវការ ឬសំណូមពរអ្វី ត្រូវទាក់ទងទៅ អាជ្ញាធរមូលដ្ឋាន ដែលរង់ចាំបម្រើប្រជាពលរដ្ឋដោយភាពរីករាយ។

ជាមួយគ្នានេះលោក ប៉ាន់ខែម ប៊ុនថន បានថ្លែងអំណរគុណចំពោះលោក យ៉ាង គឹមហ៊ុយ ជាសប្បុរជនដែលស្ម័គ្រចិត្តចូលរួមទទួលរ៉ាប់រងការចំណាយថវិកាស្ថាបនាផ្លូវ ប្រឡាយ និងតម្រូវការផ្សេងៗមួយចំនួនទៀតផងដែរ៕