(ព្រៃវែង)៖ លោក អ៉ី សុខឃី ប្រធានក្រុមការងារឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានចាត់តំណាងគឺលោក គង់ ម៉េងឃាង អនុប្រធានក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកសម្ភារជាគ្រឿងឧបភោគ បរិភាគមួយចំនួន ជូនប្រជាពលរដ្ឋ ដែលរងគ្រោះរលំផ្ទះចំនួន៤គ្រួសារ ដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅ ភូមិកូនពោធិ៍ ភូមិព្រែកឆ្លុង និងភូមិច្រាំងចំបក់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៤គ្រួសារ ផ្ទះរបស់ពួកគាត់បានដួលរលំដោយសារបាតុភូតធម្មជាតិខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ ប្រជាពលរដ្ឋរងគ្រោះទាំង៤គ្រួសាររួមមាន ទី១-​ ឈ្មោះ មុត ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិព្រៃឆ្លុង ឃុំពានរោង មានផ្ទះមានទំហំ៣ម៉ × ៤ម៉ ដំបូលប្រកស័ង្កសី ទី២-ឈ្មោះ អ៊ាន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកូនពោធិ៍ មានផ្ទះទំហំ ៣ម៉ × ៤ម៉ដំបូល និងជញ្ជាំងស័ង្កសី ទី៣-ឈ្មោះ អ៊ុន លី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកូនពោធិ មានផ្ទះទំហំ៣ម៉ × ៣ម៉ ដំបូលប្រកស្លឹកជញ្ជាំងស្លឹក និងទី៤- ឈ្មោះ ប៉ាន អូន ដែលផ្ទះរបស់គាត់បានធ្លាក់ពីជើងដុប នៅភូមិក្រាំងចំបក់។ សម្រាប់មួយគ្រួសារៗបានទទួលបានថវិកាចំនួន២០០,០០០រៀល អង្ករ១បាវ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មីចំនួន២កេស កៅស៊ូតង់​ធំមួយផ្ទាំង ដែលសរុបថវិកាអស់ចំនួន ២,០៩០,០០០រៀល។

នៅក្នុងឱកាសនោះ ក្រុមការងាររបស់លោក អ៉ី សុខឃី បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំដែលមានលោក នេត សាវឿន និងប្រាប់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលមានភ្លៀងធ្លាក់ ពិសេសខ្យល់ម្តងៗ៕