(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស​ អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការសម្តែងមតិរបស់ក្រុមណាក៏ដោយ ត្រូវតែគោរពតាមច្បាប់ជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នតុលាការ មិនអាចមើលរំលងនោះទេ។ ករណីរបស់លោក កឹម សុខា គឺជារឿងផ្ទាល់ខ្លួន និងជាករណីរបស់បុគ្គលសុទ្ធសាធ។

ប្រមុខដឹកនាំក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស បានអះអាងថា លោក កឹម សុខា តែងតែផ្សារភ្ជាប់រឿងផ្ទាល់ខ្លួននេះ ទៅនឹងគណបក្ស នេះជាកំហុសដ៏ធ្ងន់របស់លោក កឹម សុខា។ លោកអភិបាលបានបញ្ជាក់ទៀតថា នេះជាល្បែងរបស់លោក កឹម សុខា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំ ដោយនេះជាប្រការមិនល្អឡើយ។

ការប្រតិកម្មរបស់លោក ប៉ា សុជាតិវង្ស បែបនេះធ្វើឡើង បន្ទាប់ពីមានគណបក្ស CNRP នៅវេលាថ្ងៃត្រង់នេះបានចេញសេចក្តីប្រកាស នឹងធ្វើមហាបាតុកម្មអហឹង្សា ក្នុងករណីមានការចាប់ខ្លួនលោក កឹម សុខា។

ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលរាជធានីភ្នំពេញ បានលើកឡើងវិញថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវគោរពច្បាប់ និងស្វែងយល់ពីច្បាប់ ក្នុងនាមជាពលរដ្ឋរស់នៅក្នុងនីតិរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា «ក្នុងនាមជាមេដឹកនាំគណបក្ស ដែលបំពានច្បាប់ តើឲ្យយើងទៅគោរពយ៉ាងម្តេចកើត?»