(សៀមរាប)៖ លោក ស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញមួយរូបនោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាប បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីបាញ់៤គ្រាប់កាលពីយប់មិញ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចទទួលព័ត៌មានករណីផ្ទុះអាវុធ នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីទទួលបានពត៌មានកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការឡោមព័ទ្ធទីតាំងកន្លែងកើតហេតុ និងបានបំភ្លឺសាក្សីនៅនឹងកន្លែងកើតហេតុ ហើយបានទាក់ទងម្ចាស់ផ្ទះឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺថាមានករណីផ្ទុះអាវុធចំនួន០៤គ្រាប់ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ដោយមូលហេតុខឹងនឹងរូបគាត់ត្រលប់មកផ្ទះយប់ជ្រៅ។

សមត្ថកិច្ចបន្តថា លុះដល់ព្រឹកថ្ងៃទី៣១ខែកក្កដា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពីបទប្រើប្រាស់អាវុធខុសច្បាប់ យកមកសាកសួរព្រមទាំងបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លីចំនួន ០១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន០៦គ្រាប់ និងបង់មួយទៀតគ្មានគ្រាប់) គ្រាប់មិនទាន់ប្រើចំនួន០៧គ្រាប់ និងសំបកគ្រាប់ដែលបាញ់រួចចំនួន០៣គ្រាប់ ។

ក្រោយពីបានពិនិត្យសំណុំរឿង ចៅក្រមឱ្យឃុំខ្លួន លោក ស៊ឹង ប៊ុណ្ណា នៅពន្ធនាគារជាបណ្តោះអាសន្ន។

ប្រភពបង្ហើបថា ការបាញ់បោះយប់មិញនេះ ដោយសារលោក ស៉ឹង ប៉ុណ្ណា ខឹងប្រពន្ធដើរលេងយប់ជ្រៅពេក៕