(ជប៉ុន)៖ ប្រជាពលរដ្ឋជប៉ុនរាប់សិបនាក់ បានប្រមូលផ្តុំគ្នាសម្តែងការតវ៉ា ប្រឆាំងចំពោះដំណើរ ទស្សនកិច្ចប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា រួមទាំងនាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីនហ្សូ អាបេ ផងដែរ បន្ទាប់ពីពួកគេបានដឹង ច្បាស់ថាមេដឹកនាំពិភពលោកនេះ នឹងមិនព្រមសូមទោសជប៉ុនរឿងទម្លាក់គ្រាប់បែកបរមាណូ នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។

ការតវ៉ាខាងលើនេះ បានកើតឡើងតាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះមកម្ល៉េះ ដោយបានអូសបន្លាយមក ដល់ថ្ងៃសុក្រនេះ។ ក្រៅពីការទាមទារឲ្យលោក អូបាម៉ា សូមទោស ពួកគេនៅអំពាវនាវឲ្យសហរដ្ឋអាមេរិក ដកមូលដ្ឋានទ័ពទាំងអស់ចេញពីខេត្ត អូគីណាវ៉ា ព្រោះពួកគេចាត់ទុកថាយោធានិងសព្វាវុធទាំងនោះជា លេសដែលអាចបង្កសង្គ្រាមមួយទៀតនៅថ្ងៃអនាគត។ ក្នុងបដាមួយរបស់ក្រុមអ្នកតវ៉ាបាន សរសេរដូច្នេះថា «យើងមិនស្វាគមន៍អ្នកមកទីនេះទេ! លោក អូបាម៉ា និងលោក អាបេ! ឆាប់ចាកចេញពីហ៊ីរ៉ូស៊ីម៉ា នេះភ្លាមទៅ!»។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានទម្លាក់គ្រាប់បែកបរមាណូជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រពិភពលោកទៅ លើទីក្រុងចំនួនពីររបស់ជប៉ុន គឺហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគិ កាលពីឆ្នាំ ១៩៤៥ ដែលបានធ្វើឲ្យជប៉ុន ចាញ់សង្គ្រាម និងក្លាយជាប្រទេសមួយស្ថិតក្រោមការត្រួតត្រារបស់អាមេរិក។ ទោះបីជាជាង ៧០ឆ្នាំ កន្លងផុតទៅហើយក្តី ក៏ជប៉ុននៅតែចង់ទាមទារឲ្យអាមេរិក សូមទោសចំពោះទង្វើកាលណោះ ប៉ុន្តែ អាមេរិកមិនដែលព្រមនោះឡើយ ព្រោះខ្លួនគិតថានេះជាទង្វើត្រឹមត្រូវដែលអាចការពារប្រជាជាតិ៕