(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៦ ខែឧសភាមុននេះបន្តិច អង្គភាពព័ត៌មាន Fresh News ទទួលបានសេចក្តីថ្លែងការណ៍ចំនួន២សន្លឹករបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ពិនិត្យឃើញថា ការប្រព្រឹត្តរបស់លោក កឹម សុខា ដែលមិនបានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់តំណាងអយ្យការទាំងពីរលើកនេះ គឺជាបទល្មើសតាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្រប​ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»

ផែ្អកលើមូលដ្ឋាននៃអំពើល្មើសខាងលើ និងការអនុវត្តយ៉ាងត្រឹមត្រូវតាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់នីតិវិធីបន្ត ​ក្នុងក្របខណ្ឌនៃបទល្មើសជាក់ស្តែងភ្លាមបន្ទាប់ពី លោក កឹម សុខា ខកខានមិនបានចូលខ្លួនជាលើកទី២ តាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្នើសុំមន្រ្តីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តការស្វែងរក និងការចាប់ខ្លួនលោក កឹម សុខា មកចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌនៃការស៊ើបអង្កេតបទល្មើសជាក់ស្តែង។

ផែ្អកលើនីតិវិធីនៃបទល្មើសជាក់ស្តែងខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធ ក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖