(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីមុខស្នាក់ការគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា គិតត្រឹមម៉ោង៦៖៥០នាទីល្ងាចថ្ងៃទី២៦ ខែឧសភានេះ តំណាងរាស្ត្រ​សំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ បានចាកចេញពីស្នាក់ការបណ្តើរៗហើយ ចំណែកលោក កឹម សុខា កំពុងស្ថិតនៅក្នុងទីស្នាក់ការនៅឡើយ។

លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បា​នថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចឲ្យដឹងថា គណបក្សសង្គ្រោះជាតិ មិនទាន់មានប្រតិកម្មអ្វីនោះទេ គឺនៅរក្សាស្ថានភាពស្ងៀមស្ងាត់ មិនដូចព័ត៌មានលើកឡើងថា CNRP បានធ្វើលិខិត អន្តរាគមន៍ទៅសម្តេចក្រឡាហោម, លោក កឹម សុខា ប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ និងព័ត៌មានអំពីការផ្ទេរការគ្រប់គ្រងឲ្យលោក ប៉ុល ហំម ដឹកនាំគណបក្ស។

លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ តំណាងរាស្រ្ត និងមន្រ្តីរបស់គណបក្សបាននឹងកំពុងស្ថិតនៅជុំគ្នា នៅទីស្នាក់ការគណបក្ស ដើម្បីពិភាក្សាគ្នាជុំវិញករណីឃាត់ខ្លួន ប៉ុន្តែមិនទាន់មានអ្វីប្រតិកម្មនោះឡើយ។

សូមជំរាបថា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា «កម្លាំងសមត្ថកិច្ចបានឃាត់ រថយន្ត របស់លោក កឹម សុខា នៅតាមបណ្តោយមហាវិថីព្រះនរោត្តម នៅវេលាម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ»

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ពុំមានការឃាត់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះទេ។ តែលោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមុននេះបន្តិច ដែរថា មានការឃាត់ឆែកឆេររថយន្តរបស់លោក កឹម សុខា ពិតប្រាកដមែន៕