(តាកែវ)៖ អភិបាលខេត្តតាកែវ​ បានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនដល់កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តតាកែវ ឲ្យាមានការប្រុងប្រយ័ត្ន ចំពោះជនខិលខូច មួយចំនួន ដែលកំពុងតែ ដើរអូសទាញប្រជាពលរដ្ឋ ឲ្យផ្តិត​មេដៃយក​ស្នាមមេដៃ ក្នុងគោលបំណង យក​ទៅបំរើ​ផលប្រយោជន៍​ផ្សេងៗ របស់បុគ្គល និងគណបក្សរបស់ខ្លួន ក្រោមរូបភាពថា យកស្នាមមេដៃ​ទាំង​នោះ ទៅស្នើសុំជំនួយផ្សេងៗ ដើម្បី​បំរើការរស់​នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

យោងតាមសេចក្តីជូនដំណឹង របស់អភិបាលខេត្តតាកែវ​ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃកន្លងមកនេះ មានជនឆ្លៀតឱកាសមួយចំនួន បាននឹងកំពុងតែដើរញុះញុង់ អូសទាញប្រជាពលរដ្ឋ​ឲ្យផ្តិត​យកស្នាមមេដៃ ក្នុងគោលបំណង យកទៅបម្រើផលប្រយោជន៍​ផ្សេងៗរបស់បុគ្គល និងបក្សរបស់ខ្លួន។​

ជនឆ្លៀតឱកាសទាំងអស់នោះ បានធ្វើសកម្មភាពក្នុងរូបភាពផ្សេងៗ ដើម្បីបោកបញ្ឆោត បងប្អូន​កម្មករ និយោជិក និងប្រជាពលរដ្ឋ ដោយ​សកម្មភាពខ្លះក្រោមលេសថា យកស្នាមមេដៃទៅស្នើសុំ អណ្តូងទឹក ជីកស្រះ ជីកត្រពាំង ឫស្នើសុំការ​ឧបត្ថម្ភផ្សេងៗជូនបងប្អូន។

អភិបាលខេត្តតាកែវ​ បានអំពាវនាវ​ដល់បងប្អូន កម្មករ និយោជិក និងប្រជាពលរដ្ឋ​ទាំងអស់កុំឲ្យចូលរួមផ្តិតមេដៃ ជាមួយក្រុមខិលខូចខាងលើ ឲ្យសោះ​ដើម្បីកុំឲ្យខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួន រឺអាចឈាន​ទៅដល់ការប្រឈមនឹងផ្លូវច្បាប់ជាដើម។

លោកបានបន្តថា បើឃើញមានសកម្មភាពរបស់ជនខាងលើនេះ សូមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ ឲ្យបានទាន់ ពេលវេលា៕