(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសពីការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលបានកំណត់ជាតំបន់ធ្វើការវិនិច្ឆ័យដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់សាធារណជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័នដែលមានការពាក់ព័ន្ទនិងក្បាលដីស្ថិតនៅក្នុងតំបន់ខាងលើ សូមចូលចុះបញ្ជីដីក្នុងតំបន់ធ្វើការវិនិច្ឆ័យឱ្យបានគ្រប់ៗគ្នា។ គណៈកម្មការរដ្ឋបាលនិងធ្វើការពន្យល់ណែនាំស្តីពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធច្បាប់ភូមិបាល និងឆ្លើយរាល់សំនួរទាក់ទងនិងដំណើរការចុះបញ្ជីដីធ្លី។

រដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមយ៉ាងមុតមាំថា សាធារណជនដែលជាអ្នកកាន់កាប់ដីជាក់ស្តែង ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើ និងចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុសផុលមិនខាន៕