(ភ្នំពេញ)៖ សៀវភៅថ្មីមួយដែលមានចំណងជើងថា «អាថ៌កំបាំងក្រៅឆាក» ដែលបានលាតត្រដាងពីរឿងរ៉ាវក្រៅឆាករបស់មេដឹកនាំអាស៊ាន និងលើពិភពលោក បានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកអានបន្ទាប់ពីសៀវភៅនេះត្រូវបានបោះពុម្ភផ្សាយនៅប៉ុន្មានថ្ងៃនេះ។ នេះបើតាមលោក ពុយ គា អ្នកនិពន្ធសៀវភៅនេះ និងជាអ្នកសារព័ត៌មានជើងចាស់មួយរូប។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីស្នាដៃនិពន្ធរបស់ខ្លួន នារសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដានេះ លោក ពុយ គា បានថ្លែងថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង ២០០ទំព័រនេះឡើង ដែលមានលក្ខណៈពិសេស និងលោកបានបញ្ជាក់ថាចំណុចដែលប្លែកនោះ គឺខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេស។ ចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមាននៅខាងក្នុង។

អ្នកនិពន្ធរូបនេះបានថ្លែងថា៖ «មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុងស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជាពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជាជម្លោះទឹកដីជាដើម»។

អ្នកសារព័ត៌មានវិជ្ជាជីវៈរូបនេះបានបន្តថា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអាន ស្នាដៃនិពន្ធថ្មីនេះរបស់លោកក៏អាចប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិតសម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងផងដែរ។

លោក ពុយ ក៏បានសម្តែងក្តីរីករាយ ដោយលោកបានអះអាងថា សៀវភៅចំនួនជាង៣ពាន់ក្បាលត្រូវបានលក់អស់ក្នុងរយៈពេល១សប្តាហ៍។ លោកនឹងបោះពុម្ពឲ្យបានដល់២ ឬ៣ម៉ឺនក្បាល ដើម្បីឆ្លើយតបទៅនឹងតារគាំទ្ររបស់អ្នកអាន។

សៀវភៅ អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក ត្រូវបានបោះពុម្ពផ្សាយចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្ដូរវេនកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២នេះ ដោយក្នុងនោះអ្នកនិពន្ធក៏បានបរិយាយពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានផងដែរ៕

លោកអ្នកអាចរកទិញសៀវភៅខាងលើនេះបាន នៅតាមស្តង់កាសែត និងតាមបណ្ណាគារ ឬតាមរយៈទូរសព្ទ និងតេឡេក្រាមលេខ៖ ០៨១ ២៩៩ ៥៩៨