(ភ្នំពេញ)៖ សមាគមប្រឹក្សាការងារកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័តរបស់រដ្ឋសភាលើ វិសោធនកម្មលើកទី១០ រដ្ឋធម្មនុញ្ញ។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា ១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ ធម្មនុញ្ញបន្ថែម ត្រូវបានរដ្ឋសភាអនុម័តក្រោមសំឡេង១០៥/១០៦ ក្នុងសម័យប្រជុំលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ បន្ទាប់ពីអនុម័តនេះ រដ្ឋសភានឹងបញ្ជូនតាមនីតិវិធី មុននឹងដាក់ថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់។

នៅក្នុងលិខិតជាសាធារណៈរបស់ខ្លួន សមាគមប្រឹក្សាការងារកម្ពុជា យល់ឃើញថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនៅពេលនេះ គឺ ពិតជាមានសារៈសំខាន់ខ្លាំងបំផុត ស្របតាមគោលការណ៍ដែលកំណត់នៅក្នុងច្បាប់រដ្ឋធម្មនុញ ក្នុងធានាឱ្យការ ដឹកនាំការងារទូទៅរបស់ប្រទេសជាតិដំណើរការទៅដោយរលូន និងមាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។

សមាគមប្រឹក្សាការងារកម្ពុជា គាំទ្រដាច់ខាតក្នុងការតម្រូវឱ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិកម្ពុជាត្រូវមាន សញ្ញាតិតែមួយ គឺសញ្ញាតិខ្មែរ។ នេះគឺជាការសម្រេចដ៏ត្រឹមត្រូវក្នុងការរក្សាបាននូវឯករាជ្យ អធិបតេយ្យភាព និង បូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាមូលដ្ឋានក្នុងការកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ប្រកបដោយចីរភាព។

សមាគមប្រឹក្សាការងារកម្ពុជា ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ដារនិងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជាដែលមានថ្នាក់ដឹកនាំកំពូលថ្នាក់ជាតិដែលមានសញ្ជាតិខ្មែរតែមួយ ស្របតាមការវិសោធនកម្មរដ្ឋ ធម្មនុញ្ញនាពេលនេះ៕