(ភ្នំពេញ)៖ ដើម្បីពង្រឹងស្មារតីអនុវត្តន៍តួនាទីភារកិច្ចស្នូលក្នុងបុព្វហេតុការពារជាតិមាតុភូមិ រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គមនោះ បញ្ជាការដ្ឋានកងទ័ពអាកាស បានបើកវគ្គបំប៉នផ្នែកចិត្តសាស្ត្រដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពអាកាសរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

សមាសភាពចូលរៀននៅក្នុងវគ្គបំប៉នចិត្តសាស្ត្រនេះ រួមមាន៖ នាយសេនាធិការរង ស្នងការរង ព្រមទាំងមេបញ្ជាការ មេបញ្ជាការរងជាគ្រូបង្គោលអប់រំចិត្តសាស្ត្រ និងនាយទាហានខ្សែរយៈជំនាញការិយាល័យទី៥ មកពីគ្រប់បណ្តាអង្គភាពចំណុះ ព្រមទាំងនាយ-នាយរងការិយាល័យចំណុះបញ្ជាការដ្ឋាន មេបញ្ជាការ មេបញ្ជាការរង និងមូលដ្ឋានអង្គភាពចំណុះសរុប ១៦៦នាក់។

វគ្គបំប៉នរយៈពេល៤ថ្ងៃនេះ បានសិក្សាទៅលើសភាពការណ៍វិវឌ្ឍន៍ថ្មីៗ និងភារកិច្ចចំពោះមុខរបស់កងយោធពលខេមភូមិន្ទ ឆ្នាំ២០២២, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា, ការយល់ដឹងអំពីគ្រឿងញៀន, សេចក្តីណែនាំស្តីពីវិធានការពង្រឹងអនុវត្តលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ បទវិន័យទូទៅសម្រាប់កងយោធពលខេមភូមិន្ទ និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ, ច្បាប់ចរាចរផ្លូវគោក, ចក្ខុវិស័យក្នុងការកសាងវិមានឈ្នះ-ឈ្នះ ព្រមទាំងសុន្ទរកថារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២៣ ទិវានយោបាយឈ្នះ-ឈ្នះ និងខួប៣ឆ្នាំ ថ្ងៃសម្ពោធវិមានឈ្នះ-ឈ្នះនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

វគ្គបំប៉នផ្នែកចិត្តសាស្ត្រជូនដល់មន្ត្រីកងទ័ពអាកាសរយៈពេល៤ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ។ កងទ័ព គឺជាខឿនការពារជាតិដ៏សំខាន់ តែកងទ័ពក៏ជាឧបករណ៍មួយដែលគេតែងយកងទៅប្រើប្រើជាឈ្នាន់ក្នុងការផ្តួលរំលំនៃរបបដឹកនាំមួយចំនួន ដែលឈានដល់ការធ្វើសង្គមជួបនូវការបែកបាក់ អស្ថេរភាព និងកើតជាសង្គ្រាមផងដែរ។ ដូច្នេះការអប់រំផ្នែកចិត្តសាស្ត្រសម្រាប់កងទ័ព គឺជាកិច្ចការដ៏សំខាន់ផងដែរ ដើម្បីពង្រឹងស្មារតីរបស់កងទ័ពឱ្យអនុវត្តន៍នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ចៀសវាងការទោទន់ទៅតាមការញុះញង់នានា។

ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានកងទ័ពអាកាស បានលើកឡើងថា ការអប់រំចិត្តសាស្ត្រជាផ្នែកដ៏សំខាន់មួយសម្រាប់កងទ័ព ដើម្បីពង្រឹងស្មារតីបម្រើកិច្ចការជាតិ។

ឧត្តមសេនីយ៍ឯក គង់ មុនី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សូមយល់ថាការអប់រំចិត្តសាស្ត្រនេះសំខាន់ណាស់សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទទាំងអស់មិនថាអង្គភាពណាទេ។ ក្នុងនាមជាយោធិន ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ គឺយើងត្រូវតែមានឆន្ទៈស្រួចស្រាវក្នុងការប្រយុទ្ធទោះក្នុងពេលមានសង្គ្រាមក៏ដោយ។ ក្នុងពេលមានសន្តិភាពយើងត្រូវមានភាពច្បាស់លាស់ក្នុងការការពារបូរណភាពដែនដី។ នេះគឺជាកត្តាកំណត់នៃជោគវាសនារបស់ជាតិ។ បើយោធិនរបស់យើងទាំងអស់យល់ច្បាស់ពីកាតព្វកិច្ចរបស់ខ្លួន ហើយខ្លួនធ្វើដើម្បីអ្វី? នោះហើយជាស្នូលសំខាន់ជំរុញទឹកចិត្ត ជំរុញឱ្យកាយវិការរបស់គេទាំងអស់ ធ្វើស្របតាមមាគា៌ដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ»។

ឧត្តមសេនីយ៍ឯក គង់ មុនី បានគូសបញ្ជាក់ដែរថា ចិត្តសាស្ត្រកងទ័ពមិនរឹងមាំវាអាចជាបច្ច័យអាក្រក់សម្រាប់ជាតិ ដូចជាបរាជ័យក្នុងសង្គ្រាម អនុវត្តន៍ភារកិច្ចមិនបានជោគជ័យ ហើយក៏អាចបង្កជាអសន្តិសុខរបស់ប្រទេសជាតិផងដែរ។

ក្នុងពិធីបិទវគ្គបំប៉នផ្នែកចិត្តសាស្ត្រនោះ លោកវរសេនីយ៍ឯក គង់ សារឿន មេបញ្ជាការរងកងហោះឧទ្ធម្ភាគចក្រ តំណាងឱ្យកងទ័ពដែលចូលរួមការបំប៉ននេះ បានបង្ហាញការប្តេជ្ញាយកចំណេះដឹងខ្លួនទទួលបានទៅផ្សព្វផ្សាយដល់យោធិនថ្នាក់ក្រោមឱ្យបានយល់ជ្រូតជ្រាបគ្រប់ៗគ្នា ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យសម្រេចបានជោគជ័យនូវរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន។

លោក គង់ សារឿន ក៏បានប្រកាសប្តេជ្ញាប្រឆាំង ទប់ស្កាត់ដាច់ខាតនូវឧបាយកលសង្គ្រាមចិត្តសាស្ត្ររបស់ពួកអមិត្ត និងរាល់សកម្មភាពដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក៏ដោយ ដែលបង្កឱ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាព សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម។

មេបញ្ជាការរងកងហោះឧទ្ធម្ភាគចក្ររូបនេះ ក៏បានប្រកាសប្តេជ្ញាវាយបកឱ្យបានទាន់ពេលវេលារាល់ព័ត៌មាន និងសកម្មភាពទាំងឡាយណា ដែលមានលក្ខណៈបំផុសបំផុល ឬញុះញង់ ក្នុងបំណងទាក់ទាញប្រជាពលរដ្ឋឱ្យចូលបម្រើក្នុងចលនាណាមួយដែលផ្ទុយពីច្បាប់ ជឿជាក់ និងស្មោះត្រង់ដោយឥតងាករេលើការដឹកនាំដ៏ត្រឹមត្រូវប្រកបរបស់សម្តេចតេជោ ហ៊ុន សែន៕