(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន។

ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនទាំងអស់ផងដែរ។

បន្ទាប់ពីស្ដាប់នូវសេចក្ដីរាយការណ៍រួចមក លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានវាយតម្លៃខ្ពស់អំពីសមិទ្ធផលដែលការិយាល័យជំនាញ ចំណុះនាយកដ្ឋានសម្រេចបាននាពេលកន្លងមក ពិសេសលើការងារបណ្ដុះបណ្ដាល និងការគ្រប់គ្រងលើការផ្ដល់សេវាសន្ដិសុខឯកជន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន តាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យកងកម្លាំង និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕