(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានលើកឡើងថា កត្តាសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមានពេលវេលា និងលទ្ធភាពពេញលេញក្នុងការគិតគូររៀបចំពង្រឹងខ្លួនក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលខ្លួននៅសល់។

បច្ចុប្បន្ននេះ ការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរឡើង កម្ពុជាទទួលបានជោគជ័យលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិចាប់តាំងពីឆ្នាំ២០១៦មក ដោយចាប់ផ្តើមដំបូងនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ហើយគម្រោងឥណទានកាបូននៅដែនជម្រកសត្វព្រៃកែវសីម៉ានេះបានក្លាយជាគំរូមួយសម្រាប់ការអនុវត្តគម្រោងឥណទានកាបូននៅតំបន់ការពារធម្មជាតិផ្សេងទៀតនៅកម្ពុជា។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានស្វែងយល់ពីការងារអភិរក្សតំបន់ ការពារធម្មជាតិនៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី។

ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្រោមការការពារ និងអភិរក្សរបស់ក្រសួងបរិស្ថានតាំងពីឆ្នាំ ២០១៦មកមានផ្ទៃដីសរុបទំហំ។ ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាតំបន់ការពារធម្មជាតិដែលមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។

លោក នេត្រ ភក្ត្រា បានថ្លែងថា ជាមួយប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវ និងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវរបស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមានាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីម៉ាក្លាយជាតំបន់ការពារធម្មជាតិមួយដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាងគេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបន្តថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស កង្កែបដុះស្នែងអូររាំង ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលក្នុងនោះប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្ន មានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារ។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាន និងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារ និងអភិរក្សធនធានធម្មជាតិដែលមាន និងការចូលរួមបង្កើតសេដ្ឋកិច្ចមូលដ្ឋាន។

មន្ត្រីនាំពាក្យរូបនេះ បានលើកឡើងថា នេះគឺជាមោទកភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។ បើតាមការឱ្យដឹងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្រៅពីដែនជម្រកសត្វព្រៃកែវសីមា កម្ពុជាបានលក់ឥណទានកាបូននៅគម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ដែនជម្រកសត្វព្រៃមួយចំនួនទៀតដូចជាដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលជម្រកសត្វព្រៃព្រះរការ និងដែលជម្រកសត្វព្រៃភ្នំពកភ្នំត្នោត ដែលជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃមួយចំនួនទៀតបាននិងកំពុងដាក់លក់នៅលើទីផ្សារឥណទានកាបូន។

ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមានៃអង្គការ WCS ដែលអនុវត្តគម្រោងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៃក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២នេះ សហគមន៍នៅដែនជម្រកសត្វព្រៃកែវសីម៉ាទទួលបានថវិកា ៦០ម៉ឺនដុល្លារអាម៉េរិកពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ដែលមានកំណើន៣ដង បើប្រៀបធៀបនឹងឆ្នាំ២០២១។

លោកស្រីថ្លែងថា៖ «សម្រាប់ឆ្នាំ២០២២នេះ ថវិកាបានមកពីការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្តបានចែករំលែកដល់សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាបានកើនឡើងពី ២០ម៉ឺននៅឆ្នាំ២០២១ ដល់ចំនួន៦០ម៉ឺនដុល្លារអាមេរិក ដែលមានចំនួនកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២១ ដោយមានការបែងចែកតាមភូមិចំនួន២០ ទៅតាមពិន្ទុរបស់ខ្លួន ក្នុងការចូលរួមការពារធនធានធម្មជាតិ»

លោកស្រី បានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៣ ខាងមុខនេះ ថវិកាដែលបានមកពីការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្តដែលនឹងធ្វើវិភាជដល់សហគមន៍នៃអាចកើនដល់ ១លានដុល្លារ ប៉ុន្តែទាល់តែមានការខិតខំចូលរួមពីសហគមន៍នៅក្នុងដែនជម្រកជាដើម។

ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney និងក្រុមហ៊ុន Gucci ជាដើម។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មុននឹងទិញឥណទាន កាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកា បូនពីកម្ពុជារបស់ក្រុមហ៊ុននានាគឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋលេខាធិការបានថ្លែងថា៖ «អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាមានសុទិដ្ឋិនិយមថានឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ»