(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងនគរបាលសរុបជិត៦០០នាក់ ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី២៩ ខែកក្កដានេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ នៅស្នងការដ្ឋានរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចរៀបចំកម្លាំងនគរបាលសរុបជិត៦០០នាក់ ដូចជាកម្លាំងអន្តរាគមន៍ កម្លាំងនគរបាលនៅតាមអធិការដ្ឋាននគរបាលខណ្ឌនិងនគរបាលប៉ុស្ដិ៍រដ្ឋបាល កម្លាំងនគរបាលចរាចរណ៍ កម្លាំងសណ្ដាប់ធ្នាប់ ដើម្បីសហការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ក្នុងពេលកិច្ចប្រជុំ AMM នោះ»

អ្នកនាំពាក្យបានបន្តទៀតថា លោកឧត្តមសេនីយ៍ឯក ស ថេត បានដាក់ចេញអនុសាសន៍យ៉ាងម៉ឺងម៉ាត់ដល់កម្លាំងគ្រប់ផ្នែកខាងលើនេះ ធ្វើយ៉ាងណាត្រូវសហការគ្នាអនុវត្តការងារតាមផែនការប្រកបដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាដល់សន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ធ្វើដំណើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។

អ្វីដែលលោកឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ គឺដើម្បីលើកស្ទួយមុខមាត់កិត្តិយសជាតិកម្ពុជា ក្នុងឱកាសធ្វើជាម្ចាស់ផ្ទះរៀបចំប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នាពេលខាងមុខនេះ៕