(កំពង់ចាម)៖ ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរផែនការខេត្ត លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរឱ្យមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អង្គការនានា ជម្រុញការអនុវត្តគម្រោងនីមួយៗ ដែលបានសន្យាគាំទ្រត្រូវបញ្ចប់តាមការកំណត់។

លោកអភិបាលខេត្ត បានថ្លែងបន្តថា មន្ទីរជំនាញ និងភ្នាក់ងារអភិវឌ្ឍន៍ សូមប្រើប្រាស់ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិតាមរយៈក្រសួង ស្ថាប័ន ឬធនធានពីដៃគូរនានា បន្តផ្តល់ការគាំទ្រដល់គម្រោងសកម្មភាព អាទិភាពរបស់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ បន្ថែមទៀត។

ទន្ទឹមនេះ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព នឹងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។

លោកអភិបាលខេត្ត បានបន្តក្រើនរំលឹកដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមសហការបន្តជម្រុញអប់រំ ផ្សព្វផ្សាយតាមគ្រប់រូបភាព ដល់ប្រជាជនគ្រប់អាយុចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងភ្ញាក់រលឹងចាក់ដូសជម្រុញតាមពេលវេលាដែលបានកំណត់ (ក្នុងរយៈពេល ៣ខែបន្ទាប់ពីចាក់ដូសមុន)៕