(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡា បានរៀបចំកម្មពិធីសំណេះសំណាលជាមួយយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីប្រធានមន្ទីរស្តីទី ក្រុមយុវជនស្ម័គចិត្ត១៥នាក់ (ស្រី៧នាក់) គ្រូបង្វិក១នាក់ ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ១៦នាក់ (ស្រី៣នាក់) និងសិស្សានុសិស្សចំនួន៦០នាក់ (ស្រី ៣៥នាក់) សរុប៩១នាក់ កម្មវិធីប្រារពធ្វើឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ។

ប្រធានមន្ទីរអប់រំស្តីទី បានថ្លែងថា ការរៀបចំសេចក្តីជូនដំណឹងជ្រើសរើសយុវជនស្ម័គចិត្តក្នុងខេត្តបានចំនួន ១៥នាក់ ស្រី ០៧នាក់ និងបានបញ្ជូនយុវជនខាងលើទៅចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នៅខេត្តសៀមរាប ស្តីពី «ការអនុវត្តគម្រោងការស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ» ក្នុងចំណោម ២៥រាជធានី-ខេត្ត ដោយផ្តោតទៅលើប្រធានបទចំនួន ៨គឺ៖ ការអប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ បរិស្ថាន សហគ្រិន កសិកម្ម និងបរិបទបដិវត្តឧស្សាហកម្ម៤.០ ដើម្បីឲ្យយុវជនទាំងនោះជ្រើសរើសគម្រោងមួយដែលក្រុមខ្លួនពេញចិត្ត និងចូលរួមអនុវត្តក្នុងមូលដ្ឋានខេត្តរបស់ខ្លួនរយៈពេល ០៤ខែ ហើយត្រូវរៀបចំវាយតម្លៃជ្រើសរើសគម្រោងដ៏ឆ្នើមមួយប្រចាំខេត្ត រួចចូលរួមប្រកួតប្រជែងគម្រោងឆ្នើមថ្នាក់ជាតិ ដើម្បីជ្រើសរើសយកក្រុមជ័យលាភីផ្តាត់ព្រ័ត្រ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងនោះដែ ដើម្បីអនុវត្តទៅលើគម្រោងខាងលើ ដោយជ្រើសរើសយកប្រធានបទចំនួន០៣គឺ៖

*ក្រុមទី១-ផ្នែកបរិស្ថាន ប្រធានបទគម្រោង «ទីក្រុងស្អាត បរិស្ថានស្អាត និងសេវាល្អ»
*ក្រុមទី២-ផ្នែកទេសចរណ៍ ប្រធានបទគម្រោង «ទេសចរណ៍ជាសរសៃឈាមនៃផ្នែកសេដ្ឋកិច្ច»
*ក្រុមទី៣-ផ្នែកអប់រំ ប្រធានបទគម្រោង «បណ្តុះបណ្តាលអំពីការដាំដុះបែប ប្រពៃណី និងសម័យទំនើប»។

លោកក៏បានបន្តទៀតថា កម្មវិធីការស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ មានគោលបំណងលើកទឹកចិត្តឲ្យយុវជនបញ្ចេញសមត្ថភាពប្រកួតប្រជែងការអនុវត្តគម្រោងដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងក្នុងសហគមន៍របស់ពួកគេកំពុងរស់នៅ និងផ្តល់ឱកាសដល់យុវជនប្រើប្រាស់សមត្ថភាពជំនាញក្នុងកម្មវិធីអភិវឌ្ឍសហគមន៍ ដើម្បីពង្រីកចំណេះដឹង បទពិសោធន៍ ប្រើប្រាស់ជំនាញ ក្នុងការសហការរវាងមិត្តភក្តិ និងអ្នកដទៃលើកកម្ពស់ការយល់ដឹង និងការគាំទ្រពី សហគមន៍ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍អំពីផលប្រយោជន៍នៃការងារស្ម័គចិត្តរបស់យុវជន និងកសាងប្រព័ន្ធការងារដែលមានលក្ខណៈស្តង់ដាមួយសម្រាប់គាំទ្រ និងការអនុវត្តគម្រោងខាងលើ។

ក្នុងឱកាសនេះលោក គួច ចំរើន បានលើកឡើងនូវចំណុចនីមួយៗរបស់ក្រុមយុវជនស្ម័គចិត្តដើម្បីសហគមន៍ខ្ញុំ ខាងលើគឺសម្របទៅ និងមានខ្លឹមសារអប់រំ ផ្សព្វផ្សាយ បំផុសបំផុលដាស់អារម្មណ៍ស្មារតី យុវជន យុវនារី ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាជនទូរទាំងប្រទេសកម្ពុជាផងដែរនោះ ឲ្យចេះស្រលាញ់ ថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ជាពិសេសតំបន់ទេសចរណ៏ដែលជាកន្លែងមានសក្កដានុពល ដែលនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលែងទស្សនាសម្រាកលំហែរកាយប្រកបដោយផាសុខភាពខ្យល់បរិសុទ្ធ។

លោកក៏បានបន្តទៀតថា ដើម្បីសម្រេចឲ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាប់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នបពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសគឺយុវជន ដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយ។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនយុវជនទាំង០៣ក្រុម ក្នុងមួយក្រុមទទួលបាន២លានរៀល លោកគ្រូ អ្នកគ្រូ១៧នាក់ ម្នាក់ៗ៥ម៉ឺនរៀល និងសិស្សានុសិស្ស ៦០នាក់ ម្នាក់ៗ ២ម៉ឺនរៀល៕