(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា សម្រេចបានស្តង់ដារអប្បបរមាតាមតំបន់គោលដៅ ក្នុងរយៈពេល៥ឆ្នាំមកនេះ បានជួយឱ្យសិស្សានុសិស្សជិត៥០ម៉ឺននាក់ ទទួលបានលទ្ធផលសិក្សាល្អ។

លោកបណ្ឌិតសភាចារ្យ បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីការបិទគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា (SEIP) ដែលបានរៀបចំឡើងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ប្រធានគម្រោងកែលម្អការអប់រំ នៅមធ្យមសិក្សា រួមទាំងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀត។

លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងថា «តាមរយៈការអនុវត្តគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សានេះ បានជួយលើកកម្ពស់គុណវឌ្ឍ ដល់នាយកសាលា ពី៣០០ទៅ ៦០០នាក់ និងគ្រូបង្រៀន ២ ១៣៤នាក់ បានទទួលបានសញ្ញាបត្រ និងបានផ្តល់ផលជះជាវិជ្ជមានដល់សាលារៀនពី១០០ទៅ ៧០០សាលា និងសិស្សានុសិស្សប្រមាណជិតកន្លះលាននាក់ទទួលបានលទ្ធផលសិក្សាល្អប្រសើរ»

លោកបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ដែលបានអនុវត្តគម្រោងនេះប្រកបដោយភាពជោគជ័យ និងស្មារតីធ្វើការរួមគ្នា ប្រសិនបើគ្មានការចូលរួមពីភាគីពាក់ព័ន្ធ គ្មានការដឹកនាំកម្រិតគោលនយោបាយត្រឹមត្រូវនោះទេក៏មិនអាចជំរុញភាពជោគជ័យនេះបានឡើយ។ អត្ថន័យនៃគម្រោងនេះ គឺបានប្រែក្លាយពីគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ទៅជាយន្តការធ្វើកំណែទម្រង់វិស័យអប់រំកម្រិតសាលារៀន និងជាយន្តការកំណែទម្រង់ផ្សេងទៀត ដូចជាការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជាដើម។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមថា អត្ថប្រយោជន៍សំខាន់ៗរបស់គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សារួមមាន៖

*សិស្សានុសិស្សនៅក្នុងសាលាមធ្យមសិក្សាបឋមភូមិគោលដៅចំនួន១៣០ ទទួលបានអត្ថប្រយោជន៍ពីសាលារៀនដែលទើបសាងសង់ថ្មី

*លោកគ្រូ-អ្នកគ្រូ ដែលបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន(TUP), នាយកសាលា និងនាយករងបានចុះឈ្មោះចូលរៀន ក្នុងកម្មវិធីលើក កម្ពស់ភាពជាអ្នកដឹកនាំ(LUP)

*បុគ្គលិកសាលារៀន បុគ្គលិកការិយាល័យអប់រំនៃរដ្ឋបាលក្រុង ស្រុកខណ្ឌ និងបុគ្គលិកមន្ទីរអប់រំយុវជន និងកីឡាខេត្ត ក្រុង សហគមន៍ អាជ្ញាធរដែនដី ទទួលបានអត្ថ ប្រយោជន៍ពីកម្មវិធីកែលម្អ និងការគ្រប់គ្រងតាមសាលារៀន

*មន្ត្រីអប់រំទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (PISA-D)។ អ្នកទទួលផលផ្សេងទៀត រួមមាន៖ មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ប្រមាណ៥០០នាក់ នៅក្នុងសាលាគោលដៅ ដែលត្រូវបានលើកទឹកចិត្តឱ្យបង្កើនការចូលរួមគាំទ្រ នៅក្នុងសាលារៀន និងសហគមន៍របស់ពួកគាត់។

សូមជម្រាបថា គម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា ត្រូវបានអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដែលផ្តល់ប្រាក់កម្ចីដោយធនាគារពិភពលោក ចាប់ផ្តើមនៅឆ្នាំ២០១៧ និងបញ្ចប់នៅឆ្នាំ២០២២។ គោលដៅអភិវឌ្ឍន៍នៃគម្រោងគឺការពង្រីក និងកែលម្អការអប់រំកម្រិតមធ្យមសិក្សាបឋមភូមិឱ្យសម្រេចបាននូវស្តង់ដារអប្បបរមា តាមតំបន់ គោលដៅ និងដើម្បីផ្តល់នូវការឆ្លើយតបជាបន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ក្នុងករណីមានវិបត្តិ ឬគ្រាអាសន្ន។ បន្ទាប់ពីបានអនុវត្តអស់រយៈពេល ០៥ឆ្នាំ គម្រោង សម្រេច បាននូវសូចនាករ និងគោលដៅអភិវឌ្ឍន៍របស់គម្រោង ជាមួយលទ្ធផលយ៉ាងគាប់ចិត្ត និងបានឈានដល់ដំណាក់កាល នៃការបិទគម្រោងនាពេលនេះ៕