(ស្វាយរៀង)៖ លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង បានលើកឡើងថា ការប្រមូលចំណូលនៅឆមាសទី១ ឆ្នាំ២០២២ សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ប្រមូលចំណូលបានចំនួន១៨៨,៥៦ ប៊ីលានរៀល ស្មើជាង៩៤% នៃផែនការ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ពោលកើនឡើងប្រមាណ ៤០,២៩ ប៊ីលានរៀល ស្មើជាង២៧%។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែរ លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

លោក ហេង សំបូរ បានឲ្យដឹងទៀតថា ទីតាំងអគារថ្មីរបស់សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដែលត្រូវដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ស្ថិតនៅលើផ្ទៃដីសរុប ៧,៩៩០ម៉ែត្រការ៉េ ក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមិទ្ធផលរបស់សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង រួមមាន៖ អគារដ្ឋបាលមួយខ្នង ប្រក់ក្បឿងកម្ពស់ ២ជាន់, អគារស្នាក់នៅមួយខ្នង ប្រកក្បឿងកម្ពស់៣ជាន់មាន ៣០បន្ទប់, អគាឃ្លាំងកម្ពស់មួយជាន់, អគារត្រួតពិនិត្យមួយខ្នង, អគារផ្ទះបាយមួយ, និងអគាកម្សាន្តមួយខ្នង ចំណតឡានពីខ្នងនិងបន្ទប់សាធារណៈមួយ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ជុំវិញការគ្រប់ចំណូល សាខាគយ និងរដ្ឋាករខេត្តស្វាយរៀង មានការិយាល័យគយ ក្រោមឱវាទចំនួន៦ រួមមាន៖ ការិយាល័យរដ្ឋបាល និងគ្រប់គ្រង, ការិយាល័យគយ និងរដ្ឋាករបាវិត, ការិយល័យគយ និងរដ្ឋាករព្រៃវល្លិ, ការិយាល័យគយ និងរដ្ឋាករសំរោង, ការិយាល័យគយ និងរដ្ឋាករបុសមន និងការិយាល័យគយ និងរដ្ឋាករដូងផងដែរ៕