(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ដូ វ៉ាន់ជៀន លេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នា នឹងជំរុញការបោះបង្គោលព្រំដែននៅសល់ ១៦ភាគរយទៀត។

ការឯកភាពគ្នា បានធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្ស មាតុភូមិ វៀតណាម ដឹកនាំដោយលោក ដូ វ៉ាន់ជៀន ចូលជួបសម្ដែងការគួរសម និងពិភាក្សានៅលើទំនាក់ទំនងទ្វេភាគី ក្នុងឱកាសខួបទី ៥៥ឆ្នាំ នៃទំនាក់ទំនង ការកសាងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

យោងតាមលទ្ធផលជំនួប ដែលបណ្តាញ Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះ «សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្ដែងការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាន នូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព មានព្រំដែនស្ថិរភាពបង្កលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា បំពេញឱ្យគ្នា ពិសេសក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ នេះ ប្រទេសទាំងពីរ បានប្រែក្លាយការលំបាកលំបិនទាំងអស់នេះ ឱ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលមានដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម ឲ្យបានល្អប្រសើរថែមទៀត»

ពាក់ព័ន្ធនឹងការងារខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយវៀតណាម កម្ពុជាសម្រេចបានវឌ្ឍនភាពការងារទៅដល់ ៨៤% ហើយកំពុងតែខិតខំចរចារ ដើម្បីជំរុញការងារនេះបញ្ចប់ឱ្យបានឆាប់។

ក្នុងជំនួបនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូ ដែលចាត់ទុកថាជាឱកាសដ៏ថ្លៃថ្លាមួយ ក្នុងការរួមចំណែកក្នុងការប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ហើយការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងគ្រប់ជាន់ថ្នាក់របស់ប្រទេសទាំងពីរ បានបង្ហាញពីអ្នកទំនាក់ទំនងល្អប្រសើរ និងកិច្ចសហប្រតិបត្តិការស្អិតរមួតរវាងប្រទេសទាំងពីរ និងជាបងប្អូន ជាអ្នកជិតខាង ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងរណសិរ្សទាំងពីរ។

ជាការឆ្លើយតប លោក ដូ វ៉ាន់ជៀន បានសម្ដែងសេចក្ដីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ច ក្នុងឱកាសនេះ ដែលជាឱកាសល្អ ក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រណសិរ្សនិងបក្ស ហើយដែលក្នុងឱកាសនោះ លោកបានពាំនាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ពីប្រធានបក្ស ពីប្រធានាធិបតី ពីនាយករដ្ឋមន្ត្រីវៀតណាម ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នាដែរ លោកក៏បានជូនពរ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមសម្ដេចមានសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ឧដុង្គឧត្តមថែមទៀត។ ជាមួយគ្នានេះដែរ លោកក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់របស់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ កន្លងមកនេះ ដែលបានទទួលជោគជ័យត្រចះត្រចង់ ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា និងជូនពរឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ថែមទៀត នៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

លោកបានវាយតម្លៃខ្ពស់ចំពោះវិធានការ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដដោយជោគជ័យ ដោយមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផលការប្រសើរបានបើកប្រទេសឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការពាំនាំការសួរ សុខទុក្ខពីនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំប្រទេសវៀតណាមដទៃទៀត ចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា អរគុណចំពោះការអរគុណ និងអបអរសាទរក្នុងឱកាសការបោះឆ្នោតឃុំសង្កាត់កន្លងមក ក៏ដូចជាការជូនពរសម្រាប់ជោគជ័យ នៃការបោះឆ្នោតនៅជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវមោទនភាពនៃការរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនៃប្រទេសទាំងពីរ រវាងគណបក្សទាំង២ ក៏ដូចជារណសិរ្ស នៅក្នុងនោះ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងពីរភាគបីនៃរយៈពេលទំនាក់ទំនងការទូត ៥៥ឆ្នាំនេះ ដែលទាំងនេះ បង្ហាញពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាភាគីវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់មានអរិយភាព ឲ្យក្លាយទៅជាតំបន់ ដែលមានសន្តិភាពសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរ បានទៅមករកគ្នា ប្រកបរបររកស៉ីជាមួយគ្នា ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ច និងកំណើនពាណិជ្ជកម្ម បានកើនឡើងជាលំដាប់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាភ្ញៀវបានរម្លឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរបានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេសសម្ដេចរំលឹកពីដំណើរតស៊ូរបស់សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់។

ឆ្នាំក្រោយនេះ ជាខួបទី ៤៥ឆ្នាំ នៃការបង្កើតកងទ័ពកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ នឹងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជា ចំនួន ៤៩ ដែលនៅសេសសល់ បានវិលត្រឡប់មកកាន់មាតុភូមិរបស់កម្ពុជាវិញ។

ក្នុងកិច្ចសន្ទនានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរវៀតណាមដែលបានគ្រប់គ្រងបានល្អ នូវការខ្លាំងរាលដាលជំងឺកូវីដ រហូតមកដល់ពេលនេះក៏មិនឆ្លងនៅប្រទេសវៀតណាមបានថយចុះគួរឱ្យកត់សម្គាល់ ហើយសម្តេចតេជោ ក៏បានឆ្លៀតឱកាសនេះ អបអរសាទរចំពោះការប្រទេសវៀតណាម ដែលបានចាត់តាំងរៀបចំកីឡាស៉ីហ្គេមបានល្អប្រសើរ ដែលលើកឱកាសឲ្យកម្ពុជាបានទទួលមេដាយបានច្រើន ហើយទទួលបានបទពិសោធន៍សម្រាប់ការរៀបចំកីឡាស៉ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចបានសម្ដែងសេចក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅពេលនេះ គឺចំពេលដ៏ល្អដែលអាចឲ្យបំពេញការងារប្រាស្រ័យទាក់ទងបានយ៉ាងទូលំទូលាយ។

ជាចុងក្រោយ ប្រធានគណៈប្រតិភូវៀតណាម បានជូនពរសម្ដេច សូមសម្ដេចមានសុខភាពល្អ និងជូនពរសម្រាប់ភាពជោគជ័យរបស់សម្ដេច ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ នេះ និងសូមជូនពរឲ្យកម្ពុជាបានទទួលជោគជ័យ នៅក្នុងការរៀបចំស៉ីហ្គេមនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ប្រកបដោយជោគជ័យ។

ជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យលោកជួយពាំនាំនូវការសួរសុខទុក្ខ និងជូនពរជូនចំពោះថ្នាក់ដឹកនាំវៀតណាម មានអគ្គលេខាធិការបក្ស, លោកប្រធានាធិបតី, លោកនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អជន្មាយុយឺនយូរ ដើម្បីបន្តធ្វើការសហប្រតិបត្តិការជាមួយគ្នាបានល្អប្រសើរតទៅទៀត ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕