(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់អាជ្ញាធរមូលដ្ឋានស្រុក ជាប់ព្រំដែនទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវតែទប់ស្កាត់ការដាំកញ្ឆា។ លោកបែបនេះក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ និងដុតបំផ្លាញចោលនូវសារធាតុញៀន និងគ្រឿងញៀន ៦០គីឡូក្រាម នៅខេត្តបន្ទាយមានជ័យ។

ក្នុងរបាយការណ៍របស់លោក អោម ចន្ថា និងលោក កើត វណ្ណរ៉េត សុទ្ធតែលើកឡើងពីលទ្ធផលដែលកលតចេញពីការខិតខំរួមគ្នារបស់សមត្ថកិច្ចពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋ របស់ខេត្តទាំងបី បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ។

ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលអានដោយលោក អ៊ុ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន តាមវិធានការច្បាប់ព្រមទាំងបានចាត់ទុកអ្នកប្រើ គ្រឿងញៀន គឺជាជនរងគ្រោះដែលត្រូវ ទទួលបានការយកចិត្តទុកដាក់ ព្យាបាល ស្តារនីតិសម្បទាពួកគេឱ្យជាសះស្បើយ។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងអំណរគុណ កោតសរសើរ ដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានណែនាំដល់អាជ្ញាធរមូលដ្ឋានស្រុកជាប់ព្រំដែនទាំងអស់ត្រូវតែទប់ស្កាត់ការដាំកញ្ឆា ដោយធ្វើការអប់រំជាប់ជាប្រចាំដល់ប្រជាពលរដ្ឋជាម្ចាស់ចំការ ព្រោះការដាំកញ្ឆាជាអំពើខុសច្បាប់ដែលច្បាប់ត្រួតពិនិត្យគ្រឿងញៀនកម្ពុជាបានហាមឃាត់។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងកោតសរសើរដល់៖

១៖ មជ្ឈមណ្ឌលជិវិតថ្មីភ្នំបាក់ដែលបានយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀន និងត្រូវចលនាឱ្យប្រជាពលរដ្ឋ អាណាព្យាបាលចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
២៖ ក្រុមប្រឹក្សា ឃុំសង្កាត់ត្រូវផ្តល់សេវាសាធារណមានតម្លាភាព ជូនប្រជាលរដ្ឋ និងត្រូវដោះស្រាយបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានតាមរយៈការកសាងភូមិឃុំសង្កាត់មានសុវត្ថិភាព និងភូមិឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ប្រកាន់ខ្ជាប់ទិសស្លោកបីកុំ មួយរាយការណ៍។
៣៖ មន្ទីរ អង្គភាព អាជ្ញាធរ មានសមត្ថកិច្ចត្រូវទប់ស្កាត់បង្រ្កាបការប្រើប្រាស់បារី អេឡិចត្រូនិក និងអេចឆ៍ ធី ភី (HTPs) កសាងបណ្ណាល័យគ្រឿងញៀន បង្កើតភូមិស គ្មានគ្រឿងញៀនតាមតំបន់ព្រំដែន ការលាងលុយកខ្វក់ ការព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ និងសូមបន្តអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧។

ក្នុងពិធីដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយឧបត្ថម្ភដល់៖

១៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ៣លានរៀល។
២៖ សាកលវិទ្យាល័យជាតិមានជ័យ១លានរៀល។
៣៖ មណ្ឌលជីវិតថ្មីភ្នំបាក់ កម្លាំងនគរបាលការពារ អាវុធហត្ថការពារ ក្រុមគ្រូពេទ្យ មួយក្រុម ៗថវិកា១លានរៀល។
៤៖ ឧបត្ថម្ភក្រុមការងារគ្រប់ថ្នាក់១២០នាក់ ក្នុង១នាក់ៗថវិកា១ម៉ឺនរៀល។
៥៖ ឧបត្ថម្ភសិស្សានុសិស្ស១៨០នាក់ក្នុង១នាក់សៀវភៅ២ក្បាល ប៊ិច២ដើម និងថវិកា ៥ពាន់រៀល។
៦៖ ប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗសារ៉ុង១៕