(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិបង្ក្រាប ករណីជួញដូរព្រហ្មចារីយ៍នារីវ័យក្មេងៗ រហូតឈានទៅដល់​ការឃាត់​ខ្លួន​ស្រ្តីម៉ែយ៉ែម​ម្នាក់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋាន​ប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះថា កាលពីថ្ងៃទី២៣ ខែឧសភា លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរព្រហ្មចារីយ៍ក្មេងស្រ្តី ជួញដូរផ្លូវភេទលើស្រ្ដី និងកុមារី ដែលជនសង្ស័យកំពុងនាំក្មេងស្រី យកទៅលក់ព្រហ្មចារីយ៍នៅចំណុចផ្លូវ ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ត្រីបានបន្ដថា ក្រោមការសម្រប​សម្រួល​ពីលោក កុល បុន ព្រះរាជអាជ្ញារង​នៃអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លូនជនសង្ស័យជាម៉ែយ៉ែមម្នាក់ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ និងបានជួយ​សង្គ្រោះជន​រងគ្រោះ៤នាក់ទៀត ទី១ឈ្មោះ ប ស គ អាយុ១៥ឆ្នាំ ទីឈ្មោះ ម ព ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស ន អាយុ១៨ឆ្នាំ និងទី៤ឈ្មោះ ទ ស ម អាយុ២៣ឆ្នាំ ព្រមទាំងដកហូត​បានលុយ១០០០ដុល្លារ​ផងដែរ។

បើតាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យជាម៉ែយ៉ែម បាននាំពួកគេទៅលក់ឱ្យអនិកជន ក្នុងតម្លៃ១៥០០ដុល្លារ ទៅ២៥០០ដុល្លារ ក៏ប៉ុន្ដែនៅពេលដែលពួកគេ ទៅដេក​ជាមួយភ្ញៀវរួច មិនទទួលបានលុយដូចម៉ែយ៉ែម​និយាយនោះទេ គឺពួកគេទទួលបានតែ២០០ដុល្លារប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត​អំពើសញ្ចារកម្ម ពាក់នឹងការជួញដូរព្រហ្មចារីយ៍ និងជួញដូរផ្លូវភេទ​ពិតប្រាកដមែន។ ក្រោយពីធ្វើការសាកសួររួច ជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់​ជូនមន្ទីសង្គម​កិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យ​កំពុងកសាងសំណុំរឿង​ដើម្បីបញ្ជូនទៅតុលាការ​ចាត់ការតាមនីតិវិធី៕