(ភ្នំពេញ)៖ បន្ទាប់ពីអង្គភាព Fresh News បានចេញផ្សាយព័ត៌មានបែកធ្លាយជុំវិញភាពមិនប្រក្រតី ក្នុងមន្ទីរសុខាភិបាលត្បូងឃ្មុំ ដោយមន្រ្តីសុខាភិបាល ទារប្រាក់៥ពាន់ដុល្លារ ពីមន្រ្តីពេទ្យជាប់​កិច្ចសន្យា ជាថ្នូរនឹងការទទួលបានក្របខណ្ឌរបស់រដ្ឋ​។

ជុំវិញបញ្ហានេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី២៦ ខែឧសភានេះថា លោកព្រមានចាត់វិធាន​ការយ៉ាង​ម៉ឺងម៉ាត់បំផុត និងតាមផ្លូវច្បាប់ចំពោះ មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំណាមួយ ដែលហ៊ានទាមទារប្រាក់៥ពាន់ដុល្លារ ពីមន្រ្តីពេទ្យជាប់កិច្ចសន្យា ជាថ្នូរនឹងការទទួល​បានក្របខណ្ឌរបស់រដ្ឋ​។ ព្រោះមន្រ្តីពេទ្យជាប់កិច្ចសន្យា នឹងត្រូវដាក់បញ្ចូលក្នុងក្របខណ្ឌរបស់ក្រសួងដោយឥតគិតថ្លៃ។

លោករដ្ឋមន្រ្តីសុខាភិបាល បានព្រមានធ្ងន់ៗយ៉ាងដូច្នេះថា «អ្នកស៊ី និងអ្នកសូក ត្រូវទទួលទោសតាមផ្លូវច្បាប់ដូចគ្នា ហើយមន្រ្តីជំនាញនឹង បើកការស៊ើបអង្កេត​លើករណីនេះ នឹងមិន​ឲ្យមាន​ករណី​ទារ​ប្រាក់ពីមន្រ្តីពេទ្យ​ជាប់កិច្ចសន្យា​នោះជាដាច់ខាត»។  

សូមជំរាបថា នៅថ្ងៃនេះមន្រ្តីជាប់កិច្ចសន្យាមួយរូប សុំមិនបញ្ចេញឈ្មោះបានអះអាងប្រាប់អង្គភាព Fresh News ក្នុងខ្សែអាត់សម្លេងថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានរដ្ឋបាលនៅមន្ទីរសុខាភិបាល​ខេត្តត្បូងឃ្មុំ បានយកលិខិតមួយច្បាប់ឱ្យមន្រ្តីជាប់កិច្ចសន្យានានា បំពេញសម្រាប់ការបញ្ចូលទៅក្របខណ្ឌ ក្រសួងសុខាភិបាល ហើយឱ្យពួកគេបង់លុយ៥ពាន់ដុល្លារ ដើម្បីទទួលបានក្របខណ្ឌនោះ។

ប្រភពខាងលើបាននិយាយទៀតថា ក្របខណ្ឌដែលផ្តល់ដោយក្រសួងសុខាភិបាល មានកំណត់ ចំណែកបុគ្គលិកជាប់កិច្ចសន្យាជំនាញ សុខាភិបាលនៅទូទាំងប្រទេសមានច្រើន ដូច្នេះបើនរណាមិន​បង់តាមការ​ទាមទារ របស់ផ្នែករដ្ឋបាលមន្ទីរទេនោះ នឹងមិនមានឈ្មោះឡើង ទៅយកក្របខណ្ឌនៅក្រសួងឡើយ។ ប៉ុន្តែបើអ្នកមានលុយវិញ ទោះជាមិនមែនជាមន្រ្តីក្របខណ្ឌក៏ដោយ ក៏ពួកគេដាក់​បញ្ចូល​ដែរ ដោយគ្រាន់តែ​បង់ប្រាក់លើស​មន្រ្តីជាប់កិច្ចសន្យា ២-៣ពាន់ដុល្លារប៉ុណ្ណោះ។

សូមជំរាបថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញលិខិតមួយ ដោយបង្គាប់ឱ្យប្រធាន​មន្ទីរសុខាភិបាល​រាជធានី-ខេត្ត បញ្ជូនបញ្ជីឈ្មោះ​មន្រ្តីជាប់កិច្ច​សន្យា​ជំនាញសុខាភិបាលរបស់ខ្លួន ដើម្បីឱ្យក្រសួងបញ្ចូលទៅក្នុង ក្របខណ្ឌរបស់ក្រសួង​សុខាភិបាល និងរៀបចំបៀវត្សជូនសាមីខ្លួន។

នៅក្នុងលិខិតរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពក្នុងការបន្ថែម ក្របខណ្ឌចំនួន៣៦៨៩កន្លែង ដល់ក្រសួងសុខាភិបាល ហើយថា​បញ្ជីឈ្មោះ​​មន្រ្តីជំនាញ​សុខាភិបាលជាប់កិច្ចសន្យាត្រូវរៀបចំ​ឱ្យបានរួចរាល់ បញ្ជូនឱ្យក្រសួង យ៉ាងយូរត្រឹម​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីបញ្ចូលទៅ​ក្នុងក្របខណ្ឌ៕