(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអមដោយវត្តមាន របស់អនុព័ន្ធយោធានៃសាធារណកូរ៉េទាំងចាស់ និងថ្មីចំនួន ០២រូប ដើម្បីណែនាំខ្លួន និងជម្រាបលា។

ថ្លែងក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើននៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។

លោកឧត្តមសេនីយ៍ឯក ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិត កងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូត បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញ រវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ផ្តើមចេញមូលដ្ឋាននេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, អប់រំ, យោធា, ការបោសម្អាតមីន និងសុខាភិបាល។ ចំពោះកិច្ចសហប្រតិបត្តិការ យោធា, លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃការរៀបចំឱ្យមានយន្តការសន្ទនាជាទៀងទាត់ សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព នៃកិច្ចទំនាក់ទំនងផងដែរ។

លោក ផាក ហ៊ឹងខ្យង់ ក៏បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ លើការប្រឈមដោះស្រាយ បញ្ហាតំបន់ និងសាកល ដែលកំពុងកើតមានប្រកបដោយភាពត្រឹមត្រូវផងដែរ៕