(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គលើកទី៧ នីតិកាលទី៦ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានថ្លែងបទអន្តរាគមន៍ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ។

ក្នុងបទអន្តរាគមន៍នេះ លោក កើត រិទ្ធ បានបង្ហាញទិដ្ឋភាព និងភាពស្របច្បាប់នៃការធ្វើវិសោធនកម្ម។ លោក ក៏បានឆ្លៀតលើកបង្ហាញទិដ្ឋភាពច្បាប់មួយចំនួន តបទៅនឹងអ្នករិះគន់ និងចោទប្រកាន់បែបអវិជ្ជមានលើការកែរដ្ឋធម្មនុញ្ញនាពេលនេះផងដែរ។

លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា សំណើធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ គឺធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាពិសេសធានាបាននូវការគោរពគោលការណ៍គ្រឹះ នៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជារបបដឹកនាំប្រទេសតាមបែបសភានិយម ព្រមទាំងជាការលើកកម្ពស់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងបទដ្ឋានគតិយុត្តិជាធរមានរបស់ជាតិ។

លោកបានអះអាងទៀតថា ការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្ម៩លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើង ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ជាពិសេសបំពេញចន្លោះខ្វះខាតរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។

ខាងក្រោមនេះជាបទអន្តរាគមន៍របស់លោក កើត រិទ្ធ៖