(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសគាំទ្រទាំងស្រុង ចំពោះការអនុម័តរបស់រដ្ឋសភា លើសេចក្តីព្រាង វិសោធនកម្ម លើកទី១០ នៃរដ្ឋធម្មនុញ្ញ។

តាមរយៈញត្តិគាំទ្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា «គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការគាំទ្រទាំងស្រុងនូវកិច្ចប្រជុំពេញអង្គរដ្ឋសភា ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលបានអនុម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ថ្មី និងមាត្រា៣ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ»។

គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺជាការអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្ស និងជាការធានាដល់ស្ថាប័នកំពូលរបស់ជាតិ ឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន នៅគ្រប់កាលៈទេសៈ ការពារ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ជាពិសេសការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីការអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងភាពសុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្ម នុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្រោមសំឡេង ១០៥ លើ១០៦ ក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ៕