(ភ្នំពេញ)៖ គិតត្រឹមខែ កក្កដា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ប្រមាណជាង១២២ ទ្រីលានរៀល ឬប្រមាណជាង ៧៤៤ លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្នុងរយៈពេល២៥ខែ ដែលបាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានជួយសម្រួលជីវភាព ពលរដ្ឋក្រីក្របានយ៉ាងច្រើន ដែលធ្វើឱ្យពួកគេមិនឱ្យធ្លាក់ចូល ក្នុងភាពក្រីក្រកាន់តែខ្លាំងជាងមុន។

ស្របពេលដែលការវាយតម្លៃការអនុវត្តកម្មវិធីទទួលបានលទ្ធផលវិជ្ជមាន ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួងផែននៅតែបន្តចុះ តាមនៅតាមតំបន់នានា ទាំងនៅទីក្រុង ទីប្រជុំជន និងទីជនបទ ដើម្បីជំរុញការផ្តល់បណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រកបដោយតម្លាភាព ធានាបាននូវប្រសិទ្ធភាព និងគណនេយ្យភាព បានទៅដល់ដៃគ្រប់គ្រួសារក្រីក្រទាំងអស់ដែលរងគ្រោះដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ និងចូលរួមជួយកាត់បន្ថយអត្រាភាពក្រីក្រធ្ងន់ធ្ងរ នៅកម្ពុជាបានទាន់ពេល ។

ក្នុងឱកាសដឹកនាំក្រុមការងារចុះសង្កេត និងពិនិត្យវាយតម្លៃដំណើរការ នៃការផ្តល់បណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផ្លូវរថភ្លើង ដែលស្ថិតក្នុងភូមិទទួលសង្កែ ភូមិចុងខ្សាច់ និងភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា កន្លងមកតែងតែមានការលើកឡើងថា ការផ្តល់បណ្ណសមធម៌នេះ ធ្វើឡើងដោយគ្មានតម្លាភាព ដែលធ្វើឱ្យអ្នកមានជីវភាពក្រីក្រពិតពិតប្រាកដមួយចំនួន មិនទទួលបានផលពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។

លោកបានបញ្ជាក់ថា ការផ្តល់បណ្ណសមធម៍ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ។ ហើយការវាយតម្លៃលើគ្រួសារណាមួយ មិនបានធ្វើឡើងដោយបុគ្គលណាម្នាក់នោះទេ គឺធ្វើឡើងដោយម៉ាស៊ីនស្វ័យប្រវត្តិ។

លោកបន្តថា ការចុះសង្កេត និងពិនិត្យវាយតម្លៃជាក់ស្តែង នៅក្នុងសហគមន៍ផ្លូវរថភ្លើង ដែលស្ថិតក្នុងភូមិទទួលសង្កែ ភូមិចុងខ្សាច់ និងភូមិដើមខ្វិត បានបង្ហាញថា គ្រួសារដែលមានស្ថានភាពជីវភាពលំបាកមួយចំនួនធំ ត្រូវបានកំណត់អត្តសញ្ញាណ ទទួលបានបណ្ណសមធម៌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់ ក្រោមកម្មវិធីជំនួយសង្គមពិសេស ក្នុងអំឡុងពេលជំងឺកូវីដ-១៩ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងទៀត។ ចំណែកគ្រួសារមួយចំនួនទៀត ដែលមានទីលំនៅអចិន្ត្រៃយ៍ និងបានដាក់ពាក្យស្នើសុំបណ្ណសមធម៌ នាពេលថ្មីៗនេះ ត្រូវបានធ្វើសម្ភាសវាយតម្លៃទៅតាមយន្តការកំណត់ អត្តសញ្ញាណគ្រួសារក្រីក្រ ជាបន្តបន្ទាប់។ ក្នុងឱកាសនោះ ក្រុមការងារបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងរដ្ឋបាលសង្កាត់ បន្តខិតខំពិនិត្យវាយតម្លៃ ដើម្បីផ្ដល់បណ្ណសមធម៌ ជូនគ្រួសារក្រីក្រដែលនៅសេសសល់ផងដែរ។

អ្នកស្រី កែវ បុប្ជា តំណាងសហគមន៍ផ្លូវរថភ្លើង បានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកស្រីកំពុងដាក់ស្នើសុំបណ្ណសមធម៌ សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍អ្នកស្រី ចំនួន៣៦គ្រួសារ ក្នុងចំណោមគ្រួសារជាង៨០ក្នុងសហគមន៍ ដោយបច្ចុប្បន្នមានអាជ្ញាធរ បានចុះសម្ភាសរួចរាល់ហើយ។ អ្នកស្រីលើកឡើងថា ការដែលអ្នកស្រី ទើបតែដាក់ពាក្យស្នើសុំបណ្ណសមធម៌នេះ ដោយសារតែកន្លងមកមិនដែលដឹងអំពីព័ត៌មាន និងអត្ថប្រយោជន៍នៃបណ្ណនេះ។

អ្នកស្រីរំពឹងថា អ្នកដែលមានជីវភាពក្រីក្រ និងអ្នកដែលមានជំងឺ នឹងត្រូវបានវាយតម្លៃឱ្យទទួលបានបណ្ណនេះ សម្រាប់ប្រើប្រាស់ក្នុងការយកទៅព្យាបាលជំងឺនៅមន្ទីរដោយឥតថ្លៃ និងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ នេះ មានគ្រួសារក្រីក្រ ទាំងនៅទីប្រជុំក្នុង និងក្រៅរាជធានីភ្នំពេញ និងតាមជនបទមានបណ្ណសមធម៌ចំនួនជាង៦៨ម៉ឺន គ្រួសារ ដែលមានសមាជិកសរុបចំនួនជាង ២,៧ លាននាក់ បាន និងកំពុងទទួលការឧបត្ថម្ភពីកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាកម្មវិធីជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

តាមរបាយការណ៍វាយតម្លៃរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គការ UNDP ប្រចាំកម្ពុជា បានបង្ហាញថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចូលរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា បានប្រមាណ២.៧ % ក្នុងឆ្នាំ២០២០ និង ៣.៤ % ក្នុងឆ្នាំ២០២១ ដោយបានចូលរួមចំណែកសម្រួលជីវភាព របស់គ្រួសារក្រីក្រឱ្យរួចផុតពីការធ្លាក់ចូលទៅក្នុងបញ្ហាអសន្តិសុខស្បៀង, បំណុល, ការលក់ទ្រព្យសកម្មរបស់គ្រួសារ និងបានសម្រួលបន្ទុកចំណាយរបស់គ្រួសារ ពិសេសចំណាយលើម្ហូបអាហារ, ថ្នាំសង្កូវ និងការអប់រំកូនចៅ។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការនៃក្រសួងផែនការបានឱ្យដឹងថា បើធៀបនឹងការពីខែមិថុនា ឆ្នាំ២០២០ នៅក្នុងឆ្នាំ២០២២នេះ ចំនួននៃអ្នកទទួលបានបណ្ណបានកើនឡើងច្រើន ដែលកើនឡើងប្រមាណរង្វង់២ពាន់គ្រួសារក្នុងមួយខែៗ។

តែយ៉ាងនេះក្តីលោកបញ្ជាក់ថា តាមនិតិវិធីដែលបានអនុវត្តកន្លង មានគ្រួសារមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលលែងស្ថិតក្នុងភាពក្រីក្រ ក៏ត្រូវបានដកបណ្ណមកវិញផងដែរ។

ស្ថិតក្នុងវ័យ៧៤ឆ្នាំ អ្នកស្រី លុច សឿង ជាប្រជាពលរដ្ឋរស់នៅភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ ដែលមានសមាជិកក្នុងគ្រួសារ១៧នាក់ បានឱ្យដឹងថា អ្នកស្រីទទួលបានបណ្ណសមធម៌រយៈពេលជាង១ឆ្នាំមកហើយ និងទទួលបានការឧបត្ថម្ភសាច់ប្រាក់១៦ម៉ឺនរៀល ក្នុងខែសម្រាប់ជួយសម្រួលជីវភាព និងការទទួលបានការព្យាបាលជំងឺ នៅមន្ទីរពេទ្យដោយឥតគិតថ្លៃ៕