(ភ្នំពេញ)៖ «បុណ្យចូលព្រះវស្សា» ជាពិធីបុណ្យដ៏ធំមួយនៃព្រះពុទ្ធសាសនា ហើយអាចចាត់ទុកថា ជាពិធីបុណ្យដែលមានសារៈសំខាន់ ក្នុងចំណោមបុណ្យផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ខណៈពិធីបុណ្យនេះ ក៏ជាច្បាប់មួយផងដែររបស់ព្រះពុទ្ធតម្រូវឱ្យព្រះសង្ឃគ្រប់អង្គ ដែលប្រតិបត្តិសាសនាត្រូវគង់ចាំព្រះវស្សានៅក្នុងវត្តនីមួយៗ រយៈពេល៣ខែតាមពុទ្ធប្បញ្ញត្តិរបស់ព្រះសម្មាសម្ពុទ្ធ គឺចាប់ពីថ្ងៃ ១រោចខែអាសាឍ រហូតដល់ថ្ងៃ ១៥កើតខែអស្សុជ។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃ-ខែដែលត្រូវប្រារឰ «បុណ្យចូលព្រះវស្សា» ប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា ជ្រះថ្លារៀបចំគ្រឿងសក្ការៈ និង គ្រឿងឧបភោគបរិភោគផ្សេងៗ សម្រាប់ឧបត្ថម្ភភិក្ខុសង្ឃ ឆាន់និងប្រើប្រាស់ ក្នុងរដូវកាលចូលកាន់ព្រះវស្សា។ សម្រាប់ឆ្នាំ២០២២ នេះ «បុណ្យចូលព្រះវស្សា» ប្រព្រឹត្តិទៅចាប់ពីថ្ងៃ ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា- រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តម ញៀន ភឿន រដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា និងជាសមាជិក គណៈកម្មាធិកាជាតិ រៀបចំបុណ្យជាតិបានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា រដូវចូលព្រះវស្សា៣ខែជាឱកាសមួយដ៏សំខាន់សម្រាប់ព្រះសង្ឃ ក្នុងការពង្រឹងចំណេះដឹង និងធរវិន័យនិងក្បួនច្បាប់ផ្សេងៗ៖

ឯកឧត្តម ញៀន ភឿន បាននិយាយដូច្នេះថា៖ «បុណ្យចូលព្រះវស្សាក៏ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និង សាមណេរ សីលវ័ន សីលវតី ដូនជី បានរៀនធម៌វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ចំណែកឯពុទ្ធបរិស័ទវិញ ក៏ទទួលបានអានិសង្ឃផលបុណ្យ តាមរយៈការចូលរួមបរិច្ចាគបច្ច័យទេយ្យទាន និង ការឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ក្នុងអំឡុងនៃពិធីបុណ្យចូលព្រះវស្សា។ ពេលវេលាដែលកំណត់រយៈពេល៣ខែនេះ សូម្បីតែតាជីតាជីក៏មានឱកាសធ្វើធម៌ដែរ។ រីឯព្រះសង្ឃវិញការសិក្សារៀនសូត្រ ក៏កាន់តែស្រួល ព្រោះអតមានពេលវេលានិមន្តចេញទៅណា គឺព្រះសង្ឃគង់នៅតាមវត្តរៀងៗខ្លួន បើចេញក្រៅដាច់យប់ត្រូវដាច់វស្សារ ពេលនេះហើយជាពេលល្អសម្រាប់រៀនសូត្រ»

«បុណ្យចូលព្រះវស្សា» គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាត អស់រយៈពេល ៣ខែ (មួយត្រីមាស) ក្នុងវស្សានរដូវ ចាប់ពីថ្ងៃ ១រោច ខែអាសាឍតទៅ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវ មិនឱ្យដាច់វស្សាឡើយ។ ចំណែកឯពុទ្ធបរិស័ទជា ទាយកទាយិកា ឧបាសកឧបាសិកា អ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានេះដែរ ជាពិសេសគឺចាត់ចែងសំពត់សម្រាប់ងូតទឹកភ្លៀង ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំង ប្រេងកាត ទៀន ធូប ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ យកទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

សូមបញ្ជាក់ថា ថេរវេលានៃការចាំព្រះវស្សា ៣ខែនេះ ជារយៈពេលមួយមានតម្លៃពិសេស ព្រោះវាជាសញ្ញាដាស់ស្មារតី បព្វជិតពុទ្ធសាសនិកឱ្យបង្កើនសេចក្ដីព្យាយាម បំពេញគន្ថៈធុរៈក្ដី វិបស្សនាធុរៈក្ដីឲ្យបានខ្លាំងក្លាជាងពេលណាៗទាំងអស់។ រីឯឧបាសក ឧបាសិកា ក៏បានមើលឃើញច្បាស់អំពីខ្លឹមសារ នៃការចាំព្រះវស្សារបស់ភិក្ខុសង្ឃដែរ។

ដូច្នេះហើយបានជាគេខិតខំឧបត្ថម្ភ នូវចតុប្បច្ច័យផ្សេងៗចំពោះភិក្ខុសង្ឃយ៉ាងខ្លាំងប្លែកពីធម្មតាដូចជា៖ ទៀនវស្សា ប្រេង សាដក ដាក់បិណ្ឌ ភ្ជុំបិណ្ឌដើម្បីសម្ដែងសមានចិត្ត ចូលរួមអបអរសាទរ រំលែកនូវការលំបាកខ្វះខាត និងដើម្បីជាផលានិសង្សពេញបរិបូណ៌ សម្រាប់ខ្លួនឯងនោះផង៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន