(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន បានបញ្ជាក់បន្ថែមពីការបើកដំណើរការសាកល្បងផ្ទៃក្នុង ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ នៅលើផ្លូវល្បឿនលឿន ប៉ុន្ដែការអនុញ្ញាតដំណើរការជាសាធារណៈ មិនទាន់មានអនុញ្ញាតនៅឡើយនោះទេ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក គង់ វិមាន បានបញ្ជាក់ថា «ជាជំហរ និងជាគោលការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺមិនមានការអនុញ្ញាត ឲ្យមានការបើកប្រើប្រាស់ផ្លូវល្បឿនលឿន បណ្ដោះអាសន្នសាកល្បង ពីថ្ងៃម្សិលមិញទេ គឺយើងនៅតែរក្សាតាមសេចក្ដីជូនដំណឹង លេខ ០៥០ សជណ.សក ដដែល»

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសាធារណការ លេខ ០៥០ សជណ.សក កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រសួងមិនទាន់មានការអនុញ្ញាត ឲ្យធ្វើចរាចរណ៍យានយន្ដគ្រប់ប្រភេទ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនោះទេ ដើម្បីជៀសវាងការរំខានដល់ដំណើរការសាងសង និងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ។

អ្នកនាំពាក្យក្រសួងសាធារណការ បានបញ្ជាក់ឲ្យដឹងទៀតថា បើសិនណា ជាមានការដាក់ឲ្យប្រើប្រាស់ដំណើរការបណ្ដោះអាសន្ន នៅលើផ្លូវល្បឿនលឿន ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងមានការចេញសេចក្ដីជូនដំណឹងសារជាថ្មី។

សូមជម្រាបថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះ មានចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញ ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។

បញ្ជរទី២ នៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។ បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

អ្នកដំណើរលើផ្លូវល្បឿនលឿននេះ គឺត្រូវប្រើប្រាស់កាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង ដោយគិតជាគីឡូម៉ែត្រ ហើយបង់ប្រាក់នៅបញ្ជរណាមួយ ដែលអ្នកបើកបរឈប់បន្តធ្វើដំណើរលើផ្លូវមួយខ្សែនេះទៅតាមតំបន់បញ្ជរ។

ជាមួយគ្នានេះ ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ក៏មានរៀបចំជាកាតអេឡិចត្រូនិក ពិសេសសម្រាប់អ្នកដំណើររូបណា ចង់បានកាតនោះទៅកាន់ជាប់ជាប្រចាំ ដោយមិនចាំយកក្នុងពេល ធ្វើដំណើរពីភ្នាក់ងារបញ្ជរក៏បាន ដែលកាតអេឡិចត្រូនិកនោះ មានឈ្មោះ ETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន។

គូសបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕