(កណ្តាល)៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន របស់កម្លាំងអាវុធហត្ថខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការអាវុធហត្ថលោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើឡើងដូចភ្លៀងរលឹម និងឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ ព្រមទាំងដកហូតថ្នាំញៀនជាច្រើនផងដែរ។

ជាក់ស្តែងនៅរយ:ពេល២ថ្ងៃនេះ កម្លាំងអាវុធហត្ថខេត្តកណ្តាល បានបន្តបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅតាមបណ្តាស្រុក និងបន្តមកកាន់ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៨នាក់ ថ្នាំញៀនប្រមាណ២០កញ្ចប់។

យោងតាមរបាយការណ៍ស្តីពីការបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន​​ បានបង្ហាញថា នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្តាល បានបង្ក្រាបករណីគ្រឿងញៀនចំនួន៣លើក។

ទី១-សម្រាប់ ស្រុកស្អាង ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោង២៖៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្នុង ភូមិលេខ១ ឃុំស្វាយរលំដោយឃាត់ខ្លួនជនសង្ស័យនាក់៤ នាក់ ដោយដកហូតសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥ កញ្ចប់ធំ និង១កញ្ចប់តូច ឧបករណ៍ប្រើប្រាស់ សម្ភារ:វេចខ្ចប់មួយចំនួន។

ដោយមានចម្លើយសារភាពពីជនសង្ស័យនៅវេលាម៉ោង១:៤៥នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ យើងបានធ្វើការពន្លាតដែនដី សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ កម្លាំងយើងបានបង្ក្រាបករណីជួញដូរសារធាតុញៀន នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សម្រាប់ប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយដកហូតសារធាតុញៀនចំនួន២កញ្ចប់ធំ។

ទី២-សម្រាប់ ស្រុកខ្សាច់កណ្តាល ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង៣៖៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ នៅលើដងផ្លវចំណុច ភូមិវិហាសួគ៏ជើង ឃុំ វិហាសួគ៍ ស្រុកខ្សាច់កណ្តាល ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនចំនួន៥កញ្ចប់។

ទី៣-សម្រាបស្រុកកណ្តាលស្ទឹង ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង៧៖៣០​នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន​10កព្ចាប់​ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន​១ កាំភ្លីេងកែច្នៃប្រីេខ្យល់​ ០១ដើម ដែកឆាបចុងស្រួចចំនួន​០១ដើម ដែកស្នរចុងស្រួច​០១ដើម សម្ភារវេចខ្ចាប់ និង​សំរាប់ប្រីេប្រា​ស់មួយចំនួន។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាពីលោកមេបញ្ជាការ សំ តុលា និងចុះដឹកនាំអនុវត្តផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អីុណាន ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ សៅ សុខា និងលោល ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល ព្រមទាំងមានការសហការនិងសម្របសម្រួលពីលោកព្រះរាជអាជ្ញា លឹម សុគន្ថា ជំនាញកងរាជអាវុធហត្ថផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌយ៉ាងល្អទាន់ពេលវេលា។

បើតាមមន្រ្តីអាវុធហត្ថ ក្រោយការសួរនាំទៅថ្នាំញៀន ភាគច្រើននាំយកពីភ្នំពេញហើយ ទៅចែកចាយនៅទឹកដីខេត្តកណ្តាល។

សម្រាប់ជនសង្ស័យទាំង៨នាក់ កំពុងសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕