(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក TACHIBANA Takaaki ប្រធានអង្គការ សកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះអង្គការ JMAS ដែលចូលរួមដល់ការងារបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍ ដែលជាការរួមចំណែកមួយក្នុងការផ្តល់ដីសុវត្ថិភាព ជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេល ៣០ឆ្នាំនេះ ព្រមទាំងបានដាក់ចេញចក្ខុវិស័យយ៉ាងច្បាស់លាស់ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលរបស់អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងអំពីចលនាជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ឲ្យអស់ក្នុងឆ្នាំ២០២៥ តាមរយៈគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលមានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីវិស័យឯកជន និងប្រជាពលរដ្ឋ។

លោកបានជម្រុញឲ្យអង្គការ JMAS បន្តគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដោយត្រូវសហការយ៉ាងជិតស្និទ្ធិជាមួយអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ។

លោក TACHIBANA Takaaki ប្រធានអង្គការ JMAS ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចគាំទ្រដល់អង្គការ JMAS ចាប់តាំងពីឆ្នាំ២០០៦ លើការងារសកម្មភាពមីនមនុស្សធម៌ នៅក្នុងខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង ដោយសហការយ៉ាងជិតស្និទ្ធិជាមួយមជ្ឈមណ្ឌលស៊ីម៉ាក់ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។

លោកបានបន្តលើកឡើងថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបានសម្រេចនូវគោលដៅរបស់ខ្លួនឆ្នាំ២០២៥ ព្រមទាំងបានបង្ហាញពីបំណងចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីនឲ្យអស់ពីស្រុកមួយស្រុកមួយ ផងដែរ៕