(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ជំនួយបច្ចេកទេស ដែលសហគមន៍អឺរ៉ុបផ្តល់ជូនកម្ពុជា សម្រាប់រៀបចំការបោះឆ្នោតឃុំ សង្កាត់ នឹងបញ្ជូនមកដល់ នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។

លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា «សហគមអឺរ៉ុប នឹងផ្តល់ជំនួយបច្ចេកទេស ដល់កម្ពុជា មានដូចជា សំភារៈចុះឈ្មោះ Computer សម្រាប់រៀបចំការបោះឆ្នោតឃុំ សង្កាត់។​ ការផ្តល់ជំនួយនេះ នឹងធ្វើឡើង នៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ ក្រោយទទួលបាន សំភារៈពីសហគមអឺរ៉ុប គ.ជ.ប នឹងរៀបចំចាត់ចែង ការបោះឆ្នោតឲ្យបានល្អ ទៅតាមគម្រោង»

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន​ សែន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកាលបរិច្ចេទនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤៕