(អេហ្ស៊ីប)៖ មន្ត្រីរដ្ឋាភិបាលអេហ្ស៊ីប បាននិយាយថា កម្ទេចកម្ទីនៃសាកសពរបស់ជនរងគ្រោះ ដោយសារតែការធ្លាក់យន្តហោះ EgyptAir Flight 804 នោះកំពុងតែត្រូវបានក្រុមសង្គ្រោះស្រង់ចេញពីផ្ទៃសមុទ្រ ហើយបើតាមស្ថានភាពបែបនេះគេអាចធ្វើការសន្និដ្ឋានថា យន្តហោះអេហ្ស៊ីប បានផ្ទុះឆេះ នៅលើអាកាសរួចទើបធ្លាក់ស្រោចកម្ទេចកម្ទីរួមទាំងមនុស្ស ៦៦នាក់មកលើផ្ទៃសមុទ្រ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មានអង់គ្លេសមុននេះបន្តិច នៅរសៀលថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០១៦។

គួរបញ្ជាក់តាមសម្តីរបស់មន្ត្រីអាកាសចរណ៍អេហ្ស៊ីបទៀតថា យន្តហោះ EgyptAir Flight 804 មិនបានផ្លាស់ប្តូរទិសដៅហោះហើរនោះឡើយ មុនវាផ្ទុះឆេះកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ។ ហេតុដូច្នេះគេអាចសន្និដ្ឋានបានកាន់តែច្បាស់ ការធ្លាក់នេះមិនជាប់ពាក់ព័ន្ធ នឹងភេរវកម្មនោះឡើយ ប៉ុន្តែវាជាបញ្ហាបច្ចេកទេសណាមួយនៅលើយន្តហោះខ្លួនឯង ដែលក្រុមជំនាញក្រិក អេហ្ស៊ីប និង បារាំងកំពុងសហការស្វែងរកមូលហេតុរួមគ្នា៕