(តាកែវ)៖ ក្រុមការងារលោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនវិទ្យាល័យកំពែង ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ស៊ូ ធី នាយកវិទ្យាល័យកំពែង បានឱ្យដឹងថា អំណោយទាំងនោះ រួមមាន កុំព្យូទ័រលើតុចំនួន៣គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន៣គ្រឿង។ លោកនាយកវិទ្យាល័យកំពែង ក៏បានបង្ហាញអារម្មណ៍​សប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូយកចិត្តទុកដាក់ ដល់វិស័យអប់រំ ដោយបានផ្តល់​អំណោយនេះ សម្រាប់បម្រើការងាររដ្ឋបាល និងការងារបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៅក្នុងវិទ្យាល័យកំពែងនេះ។ លោកនាយក បានរំលឹកផងដែរថា «កាលពីឆ្នាំ១៩៩៧ វិទ្យាល័យកំពែង បានជួស​ជុល​​អាគារចំនួន៤ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ»។

សូមបញ្ជាក់ថា អំណោយទាំងនេះ លោក ហ៊ុន ម៉ាណែត បានចែកអំណោយជូនដល់វិទ្យាល័យកំពែងនេះ បានធ្វើឡើងក្រោយពី​បាន​ប្រារព្ធពិធីបញ្ចុះខណ្ឌសីមាវត្តកំពែងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦៕