(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី ង្វៀន ថាញ់តុង មេបញ្ជាការដ្ឋានគីមីសាស្រ្ត វិទ្យាសាស្រ្ត នៃសាធារណរដ្ឋសង្គមវៀតណាម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីរបស់ខ្លួនមួយក្រុម មកបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍មួយចំនួនជាមួយមន្រ្តីយោធាកម្ពុជា ផ្នែកគីមីសាស្រ្ត។

ដំណើរមកដល់របស់លោក ង្វៀន ថាញ់តុង និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីឧត្តមសេនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិ ការរងអាជ្ញាធរជាតិអាវុធគីមី តំណាងឲ្យនាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមី និងមន្រ្តីជាន់ខ្ពស់អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និង វិទ្យុសកម្ម ជាច្រើនរូបផ្សេងទៀត។

ដំណើរទស្សនកិច្ចរបស់លោក ង្វៀន ថាញ់តុង នៅកម្ពុជា មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០១៦។

ក្នុងឱកាសទទួលដំណើរទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ហេង វុទ្ធី បានថ្លែងអំណរគុណដល់កងទ័ពវៀតណាម ដែលតែងជួយជ្រោមជ្រែង ដល់កងទ័ពកម្ពុជា ជាពិសេសនៅលើវិស័យការពារគីមីសាស្រ្ត នៅកម្ពុជា៕