(ភ្នំពេញ)៖ រដ្ឋមន្រ្តីការពារជាតិរបស់វៀតណាម ដែលទើបឡើងកាន់តំណែង លោក ង៉ូ ស៊ុនលេច (Ngo Xuan Lich) នឹងមក​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយនេះ ដើម្បីជួបសម្តែងការគួរសម ក៏ដូចជាពង្រីកពង្រឹងវិស័យការពារជាតិជាមួយកម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះថា លោក ង៉ូ ស៊ុនលេច នឹងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។ បើតាមលោក ឈុំ សុជាតិ ដំណើរទស្សនកិច្ចរបស់ លោក ង៉ូ ស៊ុនលេច ធ្វើឡើង ដើម្បីបង្ហាញវត្តមានក្រោយរូបលោកចូលកាន់តំណែង ក៏ដូចជាពិភាក្សារការងារមួយចំនួន ពង្រឹងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការកម្ពុជា-វៀតណាម លើវិស័យការពារជាតិឲ្យកាន់តែល្អប្រសើរថែមទៀត។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានឲ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ង៉ូ ស៊ុនលេច នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជួបសម្តែងការគូរសមជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជួបជាមួយឧបនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា៕