(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌាមានជ័យ។ លោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះបានធ្វើឡើង ដោយមានកិច្ចសហការជាមួយ កម្លាំងអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកបានបន្តទៀតថាជនស្ស័យ២នាក់ ទី១ឈ្មោះ ភុំ សុភា ហៅ ភាព អាយុ៣៦ ស្នាក់នៅផ្ទះជួលក្នុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុន និងទី២ឈ្មោះ នៅ វណ្ណា អាយុ៣១ឆ្នាំ ទីលំនៅមិនពិតប្រាកដ ព្រមទាំងដកហូតបានថ្នាំប្រភេទក្រាមពណ៍សថ្លា១កញ្ចប់ធំ ម៉ូតូ២គ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1U-5703 និងម៉ាកកូនទា ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង1D-1530 និងទូរស័ព្ទដៃ២គ្រឿងផងដែរ។ ក្រោយពីធ្វើឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបានបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕